ហ្វេ​ន​អ្នកគាំទ្រ​ពិតជា​កោតសរសើរ​ជាមួយនឹង​ការចិញ្ចឹម​បីបាច់​មើលថែ​កូនភ្លោះ​ទាំងពីរ​របស់​អ្នក​ម្តាយ​សម័យថ្មី ព្រមទាំង​ជាតា​រា​ល្បី​លំដាប់​ប្រទេស​ថៃ គឺ​អ្នកនាង Chompoo Araya។ បើទោះបីជា​តារា​ស្រី​ជួរមុខ​របស់​ថៃ​រូបនេះ មិនសូវ​ជាមាន​ពេលទំនេរ​ក៏ដោយចុះ តែ​អ្នកនាង​នៅតែ​មើល​កូនភ្លោះ​របស់​អ្នកនាង​ដោយ​ដៃ​ផ្ទាល់​តែម្ដង។ ក្នុង​វ័យ ៤០ ឆ្នាំ​រូបនេះ នាង​សុខចិត្ត​ផ្អាក​ការងារ​ក្នុង​វិស័យ​សិល្បៈ ដើម្បី​ចំណាយពេល​ចិញ្ចឹម​កូន​ទាំងពីរ​ដោយផ្ទាល់​ដៃ និង​ចំណាយពេល​មើលថែ​រក្សាសុខ​ភាព​បន្ថែមទៀត ព្រោះ​នាង​កំពុងតែ​ព​ពរ​កូន​ទី។ យ៉ាងណាមិញ​ហ្វេ​ន​អ្នកគាំទ្រ​ច្បាស់​ជា​ចង់ដឹង​ណាស់​ថា តើ​តារា​ស្រី Chompoo Araya មានបទពិសោធន៍​ចិញ្ចឹម​កូនភ្លោះ​បែបណាខ្លះ?

តារា​ស្រី Chompoo Araya បាន​រៀបរាប់​ប្រាប់​ហ្វេ​ន​អ្នកគាំទ្រ​ថា វិធី​ចិញ្ចឹម​កូន​របស់​នាង​គឺ​បណ្ដោយ​តាម​ធម្មជាតិ​របស់​ក្មេង ដោយ​មិន​និយាយ​សម្ដី​ធ្ងន់ ឬ​បង្ខំ​ឱ្យ​កូន​ធ្វើ​នេះ​ធ្វើ​នោះ នោះទេ ព្រោះ​ក្មេង​គឺជា​ប្រៀប​ដូច​ក្រដាស​ស​អីចឹង យើង​អាច​គូររូបភាពល្អៗ សម្ដី​ល្អ ថ្នាក់ថ្នម​គាត់​ឱ្យមាន​ភាពកក់ក្ដៅ។ អ្នកនាង​ថា ក្មេងៗចូលចិត្ត​រត់​លេង ព្រោះ​ក្មេង​នៅ​វ័យ​នេះ គឺ​ចង់ឱ្យ​ឪពុកម្ដាយ​ចាប់អារម្មណ៍​គាត់ សរសើរ​គាត់ និង​ស្វែងយល់​ពីអ្វី​ដែល​គាត់​កំពុងតែ​ចម្រើន​វ័យ​ធំ​ឡើង។ អ្នកនាង​ថា ដូច្នោះ​ក្នុងនាម​ជា​ម្ដាយ​សម័យថ្មី គឺ​ត្រូវ​សង្កេត​នូវ​អ្វីដែល​កូន​កំពុង​ចង់បាន ថា​តើ​គាត់​សម ឬ​មិន​ស័​ក្ដ​សមជា​មួយ​ការចង់បាន​បែប​នោះ។

អ្នកនាង Chompoo Araya បាន​បន្ដថា កាយវិការ​របស់​កូនភ្លោះ​អ្នកនាង គឺមាន​ភាព​ផ្លាស់ប្ដូរ​រហូត​ទៅតាម​ពេលវេលា ហើយ​បើទោះជា​ពួកគាត់​ជា​កូនភ្លោះ​ពិតមែន តែ​មិនមែន​មានន័យថា ពួកគាត់​សុទ្ធ​តែមាន​អារម្មណ៍​ដូចគ្នា កាយវិការ និង​ការចង់បាន​ដូចគ្នា​នោះទេ។ ពេលខ្លះ​គាត់​ចាប់អារម្មណ៍​របស់​តែមួយ​ដូចគ្នា តែ​ដល់ពេល​យើង​សង្កេត​អំពី​និស្ស័យ​របស់​កូនម្នាក់ៗ គឺ​ការចាប់អារម្មណ៍​របស់​ពួកគាត់ម្នាក់ៗគឺខុសៗគ្នា​ទៅវិញ ទៅតាម​ស្ថានការណ៍ផ្សេង។ នាង​ថា ពេលខ្លះ​នាង​ចំណាយពេល​នាំ​កូនភ្លោះ​ទាំងពីរ​នាក់​ធ្វើ​កិច្ចការ​សកម្មភាពសប្បាយៗដូចជា មើល​លោកយាយ​ធ្វើ​ម្ហូប លេង​ទឹក​នៅមុខ​ផ្ទះ ចេញទៅ​ជិះ​កង់ ទៅ​សួនសត្វ​និង​បង្រៀន​ពួកគាត់​នូវ​សកម្មភាព​ផ្សេង​ដែល​គាត់​មិន​ធ្លាប់ធ្វើ​ពីមុន ឱ្យ​គាត់​សាកល្បង​ធ្វើ​វា ដើម្បី​បណ្ដុះ​ស្មារតី​គាត់​ឱ្យ​រឹងមាំ។ អ្នកនាង​ថា រាល់ពេល​គឺ​នាង​ចូលចិត្ត​និយាយ​ហេតុផលផ្សេងៗឱ្យ​កូន​ស្ដាប់​និង​ឆាប់​យល់។

អ្នកនាង Chompoo Araya បានបញ្ជាក់​ទៀតថា ក្នុងឋានៈ​ជា​ម្ដាយ​មួយរូប បើទោះបី​ត្រូវ​ចិញ្ចឹម​កូន​ដោយ​សញ្ជាតិញាណ​ក៏ដោយ តែ​អ្នកនាង​បារម្ភ និង​យកចិត្តទុកដាក់​ជាងគេ​បំផុត​នោះ​គឺ សុខភាព​របស់​កូន។ អ្នកនាង​ព្យាយាម​ផ្ដល់​អាហារ​ដល់​ពួកគេ​ដែលមាន​វីតាមីន​បង្កើន​ប្រពន្ធ​ភាពស៊ាំ​រឹងមាំ និង​ព្យាយាម​ឱ្យ​ពួកគេ​ចេញមក​ស្រូប​ខ្យល់អាកាស​នៅក្រៅ​ផ្ទះ មិនមែន​សម្ងំ​តែ​ក្នុង​បន្ទប់​ឡើយ។ អ្នកនាង​ថា ប្រយ័ត្ន​បំផុត​គឺ​រឿង​អនាម័យ​របស់​កូន ព្រោះក្មេងៗងាយ​ឆ្លង​ជំងឺ​ដែល​បណ្ដា​លពី​បាក់តេរី និង​វីរុស ដែល​មើលមិនឃើញ​ក្នុង​ភាពកខ្វក់៕

Telegram-Troryorng
Share.