ការរីកចម្រើននៃបច្ចេកវិទ្យា អ៉ីនធឺណិត បានក្លាយជាមធ្យោបាយប្រើប្រាស់ចាំបាច់បំផុតមួយ បម្រើដល់សកម្មភាពអាជីវកម្ម ការធ្វើទំនាក់ទំនង ការកម្សាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងពេលដំណាលគ្នានេះ បញ្ហា សុខសុវត្ថិភាពលើបណ្តាញInternet ក៏ជាក្តីបារម្ភចំពោះអ្នកប្រើប្រាស់ពិសេសសម្រាប់កុមារាកុមារីដែលពុំទាន់យល់អំពីហានិភ័យ គ្រោះថ្នាក់ និងបច្ចេកទេសការពារសុវត្ថិភាព លើបណ្តាញអ៉ីនធឺណិត ហេីយពួកគេក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មេីស បច្ចេកវិទ្យាផងដែរ។
ដេីម្បីជាជំនួយក្នុងការពារសុវត្ថិភាពកូនៗ លោកអ្នកពីគ្រោះថ្នាក់ទាំងអស់នេះ ក្រុមការងារ បច្ចេកទេសបានចែករំលែកនូវ វិធីសាស្រ្ត និងទស្សនាទានគោលៗចំនួន៦ ចំនុចដូចខាងក្រោម៖
១. សិក្សាស្វែងយល់អំពីគេហទំព័រ ហ្គេមកំសាន្ត និងកម្មវិធីផ្សេងៗ ដែលកូនៗរបស់អ្នក កំពុងប្រើប្រាស់។
២. ពិនិត្យមើលសកម្មភាពរបស់កូនៗ លោកអ្នកលើបណ្តាញទំនាក់ទំនងសង្គម(ឧទាហរណ៍៖ហ្វេសប៊ុក Instagram TikTok។ ល។ )។
៣. ពន្យល់ណែនាំកូនៗរបស់អ្នក អំពីប្រភេទព័ត៌មានដែលគួរធ្វេីការចែករំលែក ឬផ្តល់មតិ យោបល់ ជៀសវាងការបង្ហោះព័ត៌មានឯកជនភាព ឬព័ត៌មានប្រឌិត ដែលប៉ះពាល់ ដល់សន្តិសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គម។
៤. ជួយប្រឹក្សាផ្នែកបច្ចេកទេសដល់កូនៗលោកអ្នក អំពីការកំណត់ Setting ការដាក់លេខ កូដសម្ងាត់ ការការពារសុវត្ថិភាពគណនី អ៉ីនធឺណិត (ឧទាហរណ៍៖ គណនីហ្វេសប៊ុក Instagram ឬTikTok ជាដើម)។
៥. ណែនាំកូនៗលោកអ្នកឱ្យមានការប្រុងប្រយ័ត្ន ចំពោះជនអនាមិកលេីបណ្តាញទំនាក់ ទំនងសង្គម និងធ្វេីការរាយការណ៍ជូនអាណាព្យាបាលនៅពេលសង្ស័យបុគ្គលណាម្នាក់ថាកំពុងអូសទាញកូនៗ ក្នុងទំនាក់ទំនងស្នេហា ណាត់ជួប ឬឱ្យប្រព្រឹត្តសកម្មភាព ស្រើបស្រាល ផ្សេងៗ។
៦. ពន្យល់កូនៗ អំពីក្រមសីលធម៌ក្នុងការប្រើប្រាស់អ៊ីនធឺណិត។
សូមអាណាព្យាបាលធ្វេីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតលោកអ្នកបំផុតនៅពេលជួប ឬសង្ស័យ អំពីករណីបទល្មេីស បច្ចេកវិទ្យាដែលកំពុងកេីតមានចំពោះកូនៗ លោកអ្នក៕