បុរសម្នាក់បើករថយន្តដឹកទឹកកកសង្ស័យងងុយដេករេចង្កូតឡើងសួនច្បារច្បារពុះចែក ទ្រូងផ្លូវ ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ដាច់ប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើងចាក់ចោលទឹកកករាយប៉ាយពេញផ្លូវសំណាងល្អ មិនមានអ្នករបួស។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៣និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍  ទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងចំណុចមុខកង រាជអាវុតហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F.6884 ដឹកទឹកកកពេញ បើកបរដោយ បុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ លុះពេលមកដល់ចំណុចកើតហេតុខាងលើសង្ស័យងោកមួយភាំងក៏រេចង្កូតរថយន្តទៅបុក ខឿនសួនចែកទ្រូងផ្លូវហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ដាច់ប៉ើងជាច្រើនម៉ែត្រ។  ពេលនោះ រថយន្តបង្កក្រឡាប់ផ្ងារជើងម្ខាងច្រងាងចាក់ទឹកកកចោលរប៉ាត់រប៉ាយពេញផ្លូវ។ ក្នុងហេតុការណ៍នោះ អ្នកបើករថយន្តមិនមានរង របួសនោះទេបានលូនចេញពី កាប៊ីន គេចខ្លួនបាត់ បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុរាយការណ៍បន្តទៅ សមត្ថកិច្ចជំនាញក្រុងចុះមកវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុករងចាំដោះស្រាយតាម ផ្លូវច្បាប់៕

អត្ថបទ៖សេង សាវី

Share.