បច្ចុប្បន្ននេះមានក្រុមហ៊ុនយក្សក្រៅស្រុកចំនួន ៤ កំពុងតែនាំគ្នាផលិត និង ចេញលក់រថយន្ដអគ្គិសនីក្នុងទីផ្សារអន្តរជាតិ ក្រុមហ៊ុនដែលផលិតរថយន្ដអគ្គិសនីដ៏ទំនើបនេះមានដូចជា ក្រុមហ៊ុន Tesla ក្រុមហ៊ុន Apple ក្រុមហ៊ុន Xioami និង ក្រុមហ៊ុន Huawei ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ទើបតែប្រកាសចូលមកប្រលូកក្នុងទីផ្សាររថយន្ដអគ្គិសនីនៅចុងឆ្នាំ២០២១នេះ បើទោះបីជាក្រុមហ៊ុននេះធ្លាប់ជោគជ័យក្នុងវិស័យ Digital មួយចំនួនរួមមាន ការផលិតទូរស័ព្ទស្មាតហ្វូន កំព្យូទ័រ ប្រព័ន្ធមូឌឹមតភ្ជាប់អ៊ឺនធឺណែត និងជាច្រើនមុខទៀតដែលពាក់ព័ន្ធជាមួយនឹងទូរគមនាគម៍ដ៏ទំនើប។

ហើយថ្មីៗនេះក្រុមហ៊ុន Huawei បានចេញផ្សាយនូវព័ត៌មានលំអិតអំពីលក្ខណៈបច្ចេកទេសរថយន្ដអគ្គិសនីដែលទើបតែផលិតជាលើកដំបូង ដោយប្រៀបធៀបអំពីគុណភាព មានថាមពលខ្ពស់ អាចបើកបរដោយស្វ័យប្រវត្តិ និង មានសមត្ថភាពខ្ពស់ល្អ ជាងរថយន្ដអគ្គិសនី Model Y របស់ក្រុមហ៊ុន Tesla ថែមទៀតផង។

លោក Richard Yu នាយកប្រតិបត្តិនៃអាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានលើកឡើងថា រថយន្ដអគ្គិសនីនេះត្រូវបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS រថយន្ដនេះត្រូវបានដាក់ឈ្មោះថា Aito M5 ជារថយន្ដមួយដែលអាចដំណើរការបានទាំងអគ្គិសនី ​និង ប្រេងឥន្ទនៈ។

លោក Yu បន្ដថា រថយន្ដនេះនឹងត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដោយលក់ក្នុងតម្លៃចាប់ពី ៣ម៉ឺន៩ពាន់ដុល្លាអាមេរិក ឡើងទៅ ពោលវាមានតម្លៃទាបជាងរថយន្ដ Model Y របស់ក្រុមហ៊ុន Tesla ដែលមានតម្លៃ ៤ម៉ឺន៤ពាន់ដុល្លាអាមេរិកឡើងទៅ៕

ប្រភព៖ CNBC

Telegram-Troryorng
Share.