ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នា៣នាក់ ក្នុងនោះអត់មានពាក់មួកសុវត្តិភាពម្នាក់ ជួបវ៉ាក់អើជាមួយនឹងកម្លាំងនគរបាលកំពុងអនុវត្តច្បាប់ចរាចរ ខ្លាចចាប់ផាកអត់មួក ព្យាយាម បើកគេច បែជាជ្រុលទៅបុកពីរថយន្តកុងតឺន័រ កំពុងបើកច្រាសទិស កិនដាច់ម៉ូតូជា២កំណាត់ របួសធ្ងន់២នាក់ ស្រាល១នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ នៅត្រង់ចំណុចខាងលើ មាន កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-8792 ជិះគ្នា៣នាក់ ក្នុងនោះមានម្នាក់អត់មួកសុវត្ថិភាព  ជិះពីលិចទៅកើត។ លុះពេលមកដល់ចំណុចកើតហេតុ ខ្លាចនគរបាលចាប់ផាករឿងអត់មួក ព្យាយាមបើកគេច បែរជាជ្រុលទៅបុកពីមុខរថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ ស្លាកលេខ កំពង់ស្ពឺ 3A-7679 កំពុងបើកពីកើតទៅលិច បណ្តាលឲ្យកិនដាច់ម៉ូតូជា ២កំណាត់ របួសធ្ងន់២នាក់ ស្រាល១នាក់ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនក្បែរនោះដឹកយកទៅ សង្គ្រោះ។ ចំណែកឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ ឲ្យ នគរបាលវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.