លោក Scott O’Donell នៅឆ្វេងដៃ (កាន់​មេក្រូ)

លោក Scott O’Donell អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចន្លោះ​ឆ្នាំ​​​២០០៥​ដល់​២០១០ ទទួល​តំណែង​ថ្មី​ជា​នាយក​បច្ចេកទេស​​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ម៉ាឡេស៊ី នៅ​ដើម​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ជូនដំណឹង​ពី​ព័ត៌មាន​ក្នុង​ស្រុក​របស់​ម៉ាឡេស៊ី ក្នុង​សន្និសិទសារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​មករា ឆ្នាំ​២០២២។

នេះជា​លើក​ទី២ហើយ​ដែល​បុរស​វ័យ​៥៤​ឆ្នាំ​រូប​នេះ ត្រឡប់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ខណៈ​ការ​​ធ្វើ​ដំណើរ​ទៅ​ជា​លើក​ដំបូង​នៅ​ចន្លោះ​ឆ្នាំ​១៩៩៤-១៩៩៥ ក្នុង​នាម​ជា​កីឡាករ​​​របស់​ក្រុម Kuala Lumpur FA។

លោក Scott O’Donell ធ្លាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​ពាន BIDC Cup 2009 មុន​លោក​​ចេញ​ទៅ​បន្ត​ការងារ​ជា​នាយក​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌា ចន្លោះ​ឆ្នាំ​​២០១១​ដល់​២០១៤។

លោក Scott O’Donell (រូបថត៖ANDY BROUWER)

បុរស​អូស្ត្រាលី រូប​នេះ​​ធ្លាប់​ដឹកនាំ​ក្រុម​បាល់ទាត់ Geylang United ក្នុង​លីគ​កំពូល​សិង្ហបុរី ចន្លោះ​ឆ្នាំ​២០០៣-២០០៥ រហូត​ឈ្នះ​ពានរង្វាន់​គ្រូ​បង្វឹក​ល្អ S.League Coach of the Year 2003 បន្ទាប់​ពី​ព្យួរស្បែក​ជើង​ពី​កីឡាករ​ជាមួយ​ក្រុម Tampines Rovers​នៅ​ឆ្នាំ​២០០០។ នៅ​ឆ្នាំ​២០០៥​ដល់​២០០៧ លោក​ចូលរួម​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លើក​ទី១ ហើយ​បន្ត​ចូល​ដឹកនាំ​លើក​ទី២​វិញ​ចន្លោះ​ឆ្នាំ​២០០៩-២០១០៕

Telegram-Troryorng
Share.