បន្ទាប់​ពីសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ក៏ដូចជាក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា​​ រួមទាំងក្លិបពាក់ព័ន្ធបានប្រជុំសម្រេចនៅល្ងាចថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២២ ថ្មីៗនេះបានឲ្យដឹងថាក្លិបចំនួន៨ នឹងបន្តលេងនៅលីគកំពូលកម្ពុជា ខណ:ក្លិប​៥ផ្សេងទៀត​ត្រូវកាត់ទៅលីគទី២។

ឯកឧត្តម សៅ សុខា,លោក Satoshi Saito និង ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា

បើ​តាម​ប្រភព​ជាក់​លាក់​មួយ​បញ្ជាក់​ថា​លោក Satoshi Saito នាយក​ប្រតិបត្តិ​ថ្មី​នៃ​ក្រុមហ៊ុន​លីគ​បាល់ទាត់​កម្ពុជា​បាន​គោរព​តាម​លក្ខណៈ​វិនិច្ឆ័យ​សំខាន់ៗ​ចំនួន ៥ ដើម្បី​វាយ​តម្លៃ​ក្លិប​​ដែល​អាច​លីគ​កំពូល​កម្ពុជា បាន​ដូចជា៖
១) ហិរញ្ញវត្ថុ
២) ហេដ្ឋារចនាសម្ព័ន្ធ
៣) រដ្ឋបាល
៤) ច្បាប់
៥) បច្ចេកវិទ្យា

​ក្លិប​ដែល​មាន​​ឈ្មោះ​បន្ត​នៅ​លីគ​កំពូល​កម្ពុជា មាន​ភ្នំពេញក្រោន, វិសាខា, បឹងកេត, ​ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ, ណាហ្គាវើល, កងយោធពលខេមរភូមិន្ទ, គីរីវង់សុខសែនជ័យ។ ចំណែក​ក្លិបចំនួន៥ ដែលត្រូវបានកាត់ចេញទៅកាន់លីគទី២មានដូចជា អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, អាស៊ីអឺរ៉ុប, ព្រៃវែង, អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

ចម្ងល់​សួរ​ថា តើ​​ក្រុម​ទាំង​៥ ដែល​កាត់​ចេញ​ ពេញ​ចិត្ត ឬ អត់?

ទោះបី​ចង់​ឬ​មិន​ចង់ ក៏​មាន​ការ​សម្រេច​​រួចរាល់​ហើយ ​ថា​ក្រុម​ទាំង​៥ ត្រូវ​តែ​កាត់​ទៅ​លេង​លីគ​ទី២ ក្នុង​ឆ្នាំ​២០២២ នេះ។ ពេល​នេះ​សារព័ត៌មាន​ត្រយង សូម​លើក​យក​ត្រួសៗ​ពី​ក្រុម​ទាំង​៥ មក​វែកញែក៖

១. អគ្គស្នងការដ្ឋាន​នគរបាលជាតិ ជា​ក្រុម​លេខ​៩ ឆ្នាំ​ចាស់ ខណៈ​ក្រុម​នេះ​បាន​ប្រមូលផ្ដុំ​កីឡាករ​និង​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មួយ​រយៈ​ហើយ ប៉ុន្តែ​មិន​សូវ​មាន​ព័ត៌មាន​ធ្លាយ​ចេញ​ក្រៅ​ច្រើន​ទេ ទាំង​ការដោះដូរកីឡាករ ឬគ្រូបង្វឹក ព្រមទាំងឈុតយុវជន អ្វីឡើយក្រៅពីចែកផ្លូវគ្នាជាមួយខ្សែ​បម្រើ​ជប៉ុន Soma Otani។

បើ​ប្រៀបធៀប​ក្នុង​ចំណោម​ក្រុម​ទាំង​៥ នេះ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ជា​ក្រុម​មួយ​ដែល​មិន​ទាន់​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ឡើង ស្រប​ពេល​​​នៅ​ចុង​រដូវកាល​២០២១ កន្លង​ទៅ​បាន​ប្រើប្រាស់​ទីលាន 7NG ម្ដុំ​វិហារសួគ៌។

អ្វី​ជា​សំនួរ​នោះ​គឺ​ថា​តើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ មាន​អំណះអំណាង​អ្វី​ខ្លះ​ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​បាន​កៅអី​លីគ​កំពូល​កម្ពុជា ឡើង​វិញ​បាន?

២. អាស៊ីអឺរ៉ុប យូណាយធីត មានលោក សុក វាសនា ជាគ្រូបង្គោល ហាក់មិនសូវសប្បាយចិត្តឡើយចំពោះការសម្រេចរបស់លោក Satoshi Saito ប្រធានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា។ ក្រុម​នេះ​បាន​បញ្ចប់​រដូវកាល​ចាស់​ឆ្នាំ​២០២១ កន្លង​ទៅ​​ឈរ​លេខ​ទី១០ ក្រោយ​ប្រកួត​បាន​១៦​ប្រកួត​ ឈ្នះ​៤លើក ស្មើ​២លើក និង​ចាញ់​១០​លើក។

ប៉ុន្តែមួយរយ:ចុងក្រោយ ក្លិបអាស៊ីអឺរ៉ុប បានបង្ហាញឯកសណ្ឋានថ្មី ជាមួយដៃគូសហការផ្សព្វផ្សាយពាណិជ្ជកម្មថ្មី ព្រមទាំងប្រកាសបញ្ជឺឈ្មោះកីឡាករ៩រូប ដែលជាប់ការតេស្តដំណាក់កាលទី៣ ព្រមទាំងប្រកាសតែងតាំង​ លោក ពេជ្រ សុភារ៉ា ជាគ្រូជំនួស និងបន្តកិច្ចសន្យាថ្មីជូនកីឡាករ​ជនជាតិ​ជប៉ុន Kanta Asami ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាល២០២២ ខាងមុខនេះ។

ក្រុម​បាល់ទាត់​អាស៊ីអឺរ៉ុប ជា​ក្លិប​១​ក្នុង​ចំណោម​៤ ដែល​មាន​កីឡដ្ឋាន​ដោយ​វិនិយោគ​ថវិការ​ផ្ទាល់​ខ្លួន (ដោយ​មិន​គិត​ពី​កីឡដ្ឋាន​ដែល​មាន​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិរដ្ឋ ឬ ជួល​កីឡដ្ឋាន​គេ) បូក​ជាមួយ​ក្លិប​ភ្នំពេញក្រោន ប្រើប្រាស់​កីឡដ្ឋាន Smart RSN Stadium, វិសាខា ប្រើប្រាស់​កីឡដ្ឋាន Prince Stadium, កីឡដ្ឋាន​ Cambodia Airway Stadium របស់​បឹងកេត។

៣. អគ្គិសនីកម្ពុជា គឺជាក្លិបដែលសំបូរទៅដោយកីឡាករខ្មែរសុទ្ធ និងកំពុងលេចធ្លោច្រើនគួរជាទីចាប់អារម្មណ៍សម្រាប់ក្រុមធំៗនៅលីគកំពូលកម្ពុជា ព្រមទាំងមានកីឡដ្ឋាននៅម្តុំទួលសង្កែ។ មុន​ចប់​រដូវកាល​ចាស់​ក្រុម​នេះ​ឈរ​លេខ​រៀង​ទី​១១ ក្នុង​ចំណោម​ក្រុម​ទាំង​១៣ ជា​សមាជិក​លីគ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​១៦លើក ឈ្នះ​៣ ស្មើ​៤ និង​ចាញ់​ដល់ទៅ​​៩លើក។

ជាពិសេសថ្មីនេះអគ្គិសនីកម្ពុជា ទើបតែប្រកាសជ្រើសរើសយុវជនអាយុក្រោម១៥ឆ្នាំ និងបានចែកផ្លូវគ្នាជាមួយគ្រូបង្គោលលោក មាស សំអឿន​។ អ្នកគាំទ្របាល់ទាត់ខ្មែរភាគច្រើន ប្រាកដជាដឹងច្បាស់ថាគោលដៅរបស់ក្លិប អគ្គិសនីកម្ពុជា គឺពានសម្តេចតេជោ ហ៊ុន សែន បើ​ក្នុង​លីគ​កំពូល​កម្ពុជា ក្រុម​នេះ​មាន​ធ្លាប់​មាន​ពិន្ទុ​ឈរ​កំពូល​តារាង​ប្រជែង​យក​ជើង​ឯក​នោះ​ទេ។

ការ​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធ​ដើម្បី​ប្រកួត​ជា​អត្តសញ្ញាណ​​មួយ​របស់​ក្រុម​អគ្គីសនីកម្ពុជា ដែល​​​ក្លិប​ជា​ច្រើន​មិន​អាច​ធ្វើ​ទៅ​បាន។

៤. ព្រៃវែង គឺជាក្លិបដែលសំបូរទៅដោយយុវជនជម្រើសជាតិល្អៗជាច្រើន ទើបតែប្រកាសចែកផ្លូវជាមួយ លោក Thongchai Rungreangles គ្រូបង្វឹកសញ្ជាតិថៃ កាន់​សញ្ញាប័ត្រ​គ្រូបង្វឹក​បាល់ទាត់ UEFA Pro Licence ដែលជា​កម្រិតសិក្សា​ខ្ពស់​ជាងគេ​ក្នុង​ពិភព​បាល់ទាត់​ បន្ទាប់ពីធ្វើមិនសូវបានល្អទាំងក្នុងលីគ និងពានសម្តេចតេជោ ហ៊ុន សែន។

ក្រុម​នេះ​ជា​ក្រុម​១​ក្នុង​ចំណោម​ ៦ ដែល​មាន​ទីតាំង​នៅ​តាម​ខេត្ត​ ស្រប​ពេល​ក្រុម​នេះ​បាន​ធ្វើ​ព្យុះធ្វើ​ភ្លៀង​ជា​ច្រើន​ក្នុង​រដូវកាល​ឆ្នាំ​២០២១ កន្លង​ទៅ​ក្រោយ​​ឈ្នះ​ពានរង្វាន់​លីគ​ទី២​ក្នុង​ឆ្នាំ​២០២០ កន្លង​ទៅ។ រដូវកាល​ចាស់​ក្រុម​ព្រៃវែង ឈរ​លេខ​រៀង​ទី​១២ ក្រោយ​ប្រកួត​បាន​១៦ លើក​ឈ្នះ​​២ ស្មើ​៥​និង​ចាញ់​៩លើក​។

បើ​តាម​ការ​លេចឮមក​ថា​ក្រុម​ខេត្ត​ព្រៃវែង គ្រោង​រៀបចំ​កែតម្រូ​ហេដ្ឋរចនាសម្ព័ន្ធ​កីឡដ្ឋាន​ខេត្ត​របស់​ខ្លួន​ឱ្យ​ត្រូវ​តាម​ស្ដង់ដារ ដូចជា​បន្ថែម​ភ្លើង ឬ ចំណុច​មួយ​ចំនួន​ទៀត។

២. សូលទីឡូអង្គរ ជា​ក្រុម​បាត​តារាង​ឆ្នាំ​ចាស់ ក្រោយ​ប្រកួត​១៦ លើ​ក​ឈ្នះ​បាន​១លើក ស្មើ​៥លើក និង​ចាញ់​១០លើក។ បច្ចុប្បន្នពុំទាន់មានកីឡដ្ឋាផ្ទាល់ខ្លួននៅឡើយទេ ប៉ុន្តែក្លិបដែលមានមូលដ្ឋានទៅទឹកដីសៀមរាបមួយនេះ បាន​ប្រើប្រាស់​កីឡដ្ឋាន​ខេត្ត​សៀមរាប ពេល​បង្កើត​ឡើង​ដំបូង ក្រោយ​មក​ប្តូរ​មក​កីឡដ្ឋាន SRU វិញ។

ក្លិប​បាន​ប្រកាស​ពី​ការ​ចាកចេញ​របស់​កីឡាករ​ចាស់ៗ​មួយ​ចំនួន តែ​មិន​ទាន់​ប្រកាស​បន្ថែម​សមាជិក​ថ្មី​នៅ​ឡើយ ខណៈ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក អ៊ុក សុធី ជា​គ្រូ​បង្វឹក​នេះ​ជា​ក្រុម​ទាត់​ចូល​ទី​គូ​ប្រកួត​តិច​គ្រាប់​ជាង​គេ​ប្រចាំ​រដូវកាល​គឺ​បាន​ត្រឹម​​១២​គ្រាប់​ប៉ុណ្ណោះ ហើយ​របូត​វិញ​​៣៩គ្រាប់។

ចុះ​មតិ​របស់​ប្រិយមិត្ត មាន​ទស្សនៈ​បែប​ណា​ចំពោះ​ក្រុម​ទាំង​៥​ខាង​លើ ចំពោះ​ការ​វាយ​តម្លៃ​​របស់​ក្រុមហ៊ុនលីគ​កំពូល​កម្ពុជា?

Telegram-Troryorng
Share.