ពិធីការិនីពូកែវោហារស័ព្ទប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង ចាន់ កែវនិមល ទើបតែចុះកុងត្រាជាមួយធនាគារ ជេត្រាស់ រ៉ូ​យ៉ា​ល់ ក្នុងនាមជាទូតសុច្ឆន្ទៈ(BA) ដោយ​មុខ​ងារ​នេះ អ្នកនាងត្រូវបំពេញ​ការងារ​ចំនួន១ឆ្នាំពេញតែម្ដង។ ពិធីការិនីមាន​វោហារស័ព្ទ​ពូកែរូបនេះ ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ​​គួរ​ឱ្យ​កត់សម្គាល់ និង​ទទួល​បានការ​គោរពនៅ​ក្នុង​អាជីព​ជា​ពិធីការិនី​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​។

ក្រៅពីមហាជនទទួលស្គាល់ អ្នក​នាង ចាន់ កែវនិមល ជាពិធីការិនីក្នុងដួងចិត្តហើយនោះ អ្នកនាងក៏ជា​ភរិយា​និង​ជា​ម្តាយ​ម្នាក់​ដែល​តែងតែ​គិតគូររៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ ទើបជាហេតុធ្វើឱ្យអ្នកនាងស័ក្តិសមជាទូតសុច្ឆន្ទៈ​របស់​ធនាគារ ​។

ឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយង អ្នកនាង ចាន់ កែវនិមល ប្រាប់ហេតុផលថា ការងារជាទូតសុច្ឆន្ទៈរបស់​ធនាគារ គឺជាការងារដំបូងដែលអ្នកនាងបានជ្រើសរើស និងមិនស្ទាក់ស្ទើក្នុងការសម្រេចចិត្ត។ អ្នកនាងថា៖ «ជារឿងល្អមួយដែរ ដោយខាងធនាគារបានជ្រើសរើសយករូបនាងខ្ញុំ។ ដោយសារយើងមើលឃើញហើយថា សម្រាប់ផលិតផល ឬហាងផ្សេងៗមួយចំនួន គឺមានភាពងាយស្រួលក្នុងការជ្រើសរើសទូតសុច្ឆន្ទៈ(BA) ក៏ប៉ុន្ដែសម្រាប់ធនាគារវិញ គឺជាអ្វីដែលថ្មីមែនទែនសម្រាប់យើង និងបានផ្ដល់ឱ្យនូវក្រេឌីតល្អថែមទៀត»។

យ៉ាងណាមិញ អ្នក​នាង បង្ហាញអារម្មណ៍ដែរ​ថា​ អ្នក​នាង​ពិតជា​រីករាយ ដែល​​ខាង​ធនាគារ ទុកចិត្តនិង​ជ្រើសរើស​រូប​គាត់​ជា​ទូត​សុ​ច្ឆន្ទៈ​ដំបូង​សម្រាប់​ធនាគារ ​។ អ្នក​នាងថាអាចជាការ​ផ្សារ​ភ្ជាប់​ជាមួយធនាគារ​នេះបាន ដោយសារតែតួនាទីគោលរបស់អ្នកនាងគឺជាពិធីការិនីស្ថានីយ៍ទូរទស្សន៍ ហើយមានឥទ្ធិពលខ្លាំងក្នុងការផ្សព្វផ្សាយពីសេវាកម្មរបស់ធនាគារ ទៅកាន់មហាជនជាអតិថិជនគោលដៅ។ អ្នកនាងឆ្លើយថា «ធាតុពិតទៅមានការងារជាច្រើនដែលបានទាក់ទងមកក្នុងតំណែងជាទូតសុច្ឆន្ទៈ(BA) ក៏ប៉ុន្ដែមិនអាចទទួលបាន។ ប្រសិនបើជាតារាចម្រៀង តារាសម្ដែង ឬអ្នកសិល្បៈដទៃ នាងខ្ញុំជឿថាគេអាចទទួលយកបាន ក៏ប៉ុន្ដែនាងខ្ញុំជាពិធីការិនី អាចនឹងមានការងារច្រើនដែលត្រូវបំពេញ។ ដូច្នោះហើយរាល់ការផ្សព្វផ្សាយពីផលិតផល និងហាងមួយចំនួនគឺយើងធ្វើអត់បាន ដែលនាំឱ្យមានផលប៉ះពាល់ជាការងារគោលរបស់នាងខ្ញុំ។ នៅពេលខ្លះពិធីការិនីមិនអាចនឹងនិយាយ ឬផ្សព្វផ្សាយពីផលិតផ្សេងបានក្រៅពីផលិតផលដែលជាម្ចាស់ឧបត្ថមកម្មវិធីតែប៉ុណ្ណោះ»។

ពិធីការិនី ចាន់ កែវនិមល បានបញ្ជាក់បន្ថែមថា ចំពោះការងាររបស់ធនាគារគឺមានច្រើន សម្រាប់​អ្នកនាង​ជា​​​មនុស្ស​ម្នាក់​ដើរតួនារទីសំខាន់​ទៅលើ​ការ​ផ្សព្វផ្សាយ និងជំរុញឱ្យសេវាកម្មរបស់ធនាគារឱ្យមានសភាពរលូន ងាយដល់ដៃអតិថិជន។ រយៈពេល១ឆ្នាំពេញនេះ អ្នកនាងត្រូវបំពេញមួយ​ចំនួន​ដូច​ជា​ការថតជាវីដេអូ និងរូបភាពផ្សព្វផ្សាយពីសេវាកម្មរបស់ធនាគារ ហើយអ្នកនាងអាចនឹងបន្ដកិច្ចកុងត្រាបន្ថែមទៀត នៅពេលដែលមានការចចារជាថ្មីបានសម្រេចឡើង។

ក្រៅពីទទួលការងារជាទូតសុច្ឆន្ទៈ(BA)ដំបូង​សម្រាប់​ធនាគារហើយនោះ ឆ្នាំ២០២២នេះ អ្នកនាងក៏ត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការងារធំៗបន្ថែមទៀត ប៉ុន្ដែសុំមិនទាន់បញ្ចេញឱ្យមហាជនដឹងមុននោះឡើយ៕

Telegram-Troryorng
Share.