ហ្វេនអ្នកគាំទ្រកំពុងផ្ដោតការចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខភាព វណ្ណ ណារ៉ា តាមរយៈកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Beat The Best របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលលោកកាន់តែធ្វើបានល្អ និងទទួលបានការពោលសរសើរពីគណកម្មការពីមួយវគ្គទៅមួយវគ្គតែម្ដង រហូតធ្វើឱ្យលោកអាចបន្ដដំណើរមកទល់វគ្គចុងក្រោយនេះ។ នៅក្នុងចំណោមបេក្ខភាពប្រកួតដែលពោរពេញដោយសមត្ថភាពច្រៀងមិនធម្មតាជាច្រើននាក់ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះ ត្រូវបានគេដឹងថា លោកក៏ជាតារាអាជីពមួយរូបដែរកំពុងលេចធ្លោខ្លាំងនៅលើឆាកប្រកួត។

តារាចម្រៀង លោក វណ្ណ ណារ៉ា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា គឺជាមោទនភាពបំផុត ដែលលោកបានជាប់ពីមួយវគ្គទៅមួយវគ្គ ដែលជាឱកាសល្អឱ្យលោកកាន់លេចធ្លោកាន់តែខ្លាំង ក្នុងវគ្គ Live Show ដែលជាវគ្គដ៏សំខាន់។ មិត្តរួមក្រុមមិនតិចឡើយកោតសរសើរពីភាពក្លាហាន និង ការបត់បែនសំឡេងយ៉ាងល្អរបស់លោក ស្របពេលដែលក៏តែងតែបង្ហាញសកម្មភាពច្រៀងក្នុងក្រុមតារាល្បីៗ នៅតាមវង់ចម្រៀងពិធីមង្គលការផងនោះ ទើបកាន់តែរុញឱ្យលោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីការប្រកួតដ៏ធំនេះ។ ថ្វីដ្បិតតែឱកាសកាន់ពាន អាចមិនជារឿងងាយស្រួល តែតាមរយៈភាពលេចធ្លោរបស់លោកក្នុងកម្មវិធី Beat The Best គឺពិតជាធ្វើឱ្យលោកក្លាយជាបេក្ខជនល្បីម្នាក់ មិនពិបាកឡើយនៅក្នុងពេលនេះ។

តារាចម្រៀងប្រុសរូបនេះ បានសរសេរសាររៀបរាប់ថា «ខ្ញុំបាទពិតជារំភើបនឹងសប្បាយចិត្តជាខ្លាំងដែលខ្ញុំបាទបានសម្រេចបំណងគោលដៅទីមួយដ៏សំខាន់របស់ខ្ញុំគឺឈានចូលវគ្គ Live show ខ្ញុំបាទសូមអរគុណគណៈកម្មការទាំងបួន​ ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូន​ អ៊ុំពូមីង​ទាំងអស់ដែលតែងតែផ្តល់កម្លាំងចិត្តដល់រូបខ្ញុំបាទ ខ្ញុំបាទពិតជាអរគុណខ្លាំងមែនទែន​ ខ្ញុំនឹងខំប្រឹងប្រែងជាបន្តឱ្យអស់ពីសម្ថតភាពនៅវគ្គ Live show ខាងមុខ​សូមពុកម៉ែបងប្អូន​ អ៊ុំពូមីង​នៅបន្តគាំទ្រខ្ញុំបាទជាបន្តផង»។ យ៉ាងណាក្ដីតារាចម្រៀងលោក វណ្ណ ណារ៉ា ក៏ត្រូវគេមើលឃើញចំពោះប្រឹងប្រែងហ្វឹកហាត់ ដុះខាត់សំឡេង ដោយយកចិត្តទុកដាក់ ដើម្បីសម្រេចក្ដីសុបិន្តដែលមានតាំងពីដើមទីមុនចូលប្រឡង។ មួយវិញទៀត តារាចម្រៀងប្រុសរូបនេះក៏ត្រូវបានគេកត់ស្គាល់ឃើញថា មានប្រវត្តិតស៊ូក្នុងការប្រលងចម្រៀងយ៉ាងស្វាត់ស្វែង ជាពិសេសក្នុងកម្មវិធីសប្បុរសធម៌របស់លោក ប៊ុត ចន្ថា៕

Telegram-Troryorng
Share.