ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលរងរបួសធ្ងន់ដោយសារជនសង្ស័យឆក់កាបូបលុយ កាលពីវេលាម៉ោង៩និង ៥០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ បានទទួលមរណភាពហើយ វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ក្រោយពីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈបាន៤ថ្ងៃ ។

ជនរងគ្រោះមានឈ្មោះ អ៊ុក កន្និកា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ខោអាវនៅផ្សារត្រពាំងពោធិ មានទីលំនៅ បុរីចាន់សម្បត្តិ ក្រុម៤ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានប្តីឈ្មោះ ពុំ រ៉ាវីន អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ។

គួររំលឹកផងដែរ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ ជិះម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-1636 ធ្វើសំណើរចេញពីផ្ទះ ក្នុងគោលបំណងឆ្ពោះទៅរកទិញខោអាវសម្រាបលក់ដូរ នៅផ្សារអូរឫស្សី ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុ លេចមុខជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយ បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ សន្លប់ឈឹង បែកលលាដ៍ពីក្រោយ ហើយត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ។ តែដោយសភាពរបួសធ្ងន់ពេក ត្រូវបានក្រុមគ្រួសារ ដឹកនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ អស់រយៈពេល៤ថ្ងៃ នៅតែមិនអាចសង្គ្រោះជីវិតបាន។នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ជនរងគ្រោះទទួលមរណភាពគួរឲ្យសោកសង្រេង។ ក្រុមគ្រួសារ អំពាវនាវដល់ស្ថាប័នសមត្ថកិច្ច ជួយស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស មកទទួលខុសត្រុវនៅចំពោះមុខច្បាប់។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងទាំងអួលដលមកថា ក្នុងកាបូបជនរងគ្រោះមានលុយជាង១ពាន់ដុល្លារ យកទៅរកទិញខោអាវ នៅផ្សារអូរឫស្សី ។ក្រុមគ្រួសារជនរងគ្រោះ សូមអំពាវនាវផងដែរដល់អ្នកសាព័ត៌មាន មហាជន កុំឲ្យមានការយល់ច្រឡំ មានព័ត៌មានមួយចំនួនថា ជនរងគ្រោះត្រូវបានជនសង្ស័យឆក់កាបូបដួល ហើយត្រូវបានរថយន្តបុកបន្ថែម រងរបួស ហើយភាគីខាងរថយន្តជួយចេញថ្លៃពេទ្យចំនួន២០០០ដុល្លារនោះ ជារឿងមិនពិតឡើយ។ ជនរងគ្រោះ ពិតជា គ្រោះថ្នាក់ដោយចោរឆក់កាបូបលុយ ចំពោះលុយ២ពាន់ដុល្លារនោះ ក្រុមគ្រួសារ សាច់ញាតិមិនបាមដឹងនោះឡើយ ។

ក្រោយពីទទួលដំណឹងថា ស្ត្រីរងគ្រោះ ទទួលមរភាពហើយក្រុមគ្រួសារដឹកវិលត្រឡប់មកតំកល់ធ្វើបុណ្យនៅផ្ទះនាព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២២នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយចៅសង្កាត់ នាំយកអង្ក ថវិកា ទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.