សមាជិក​ក្រុម​ BIGBANG លោក T.O.P គឺជា​សមាជិក​ដែល​សកម្ម​នៅ​លើ​ Instagram។ អ្នក​គាំទ្រ​ជា​ច្រើន​យល់​ឃើញ​ថា​ Content ដែល​លោក​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​គួរ​ឱ្យ​ចាប់​អារម្មណ៍​និង​ផ្ដល់​នូវ​អារម្មណ៍​កម្សាន្ត​រីករាយ​។ ប៉ុន្តែ​មួយ​ផុស​ចុង​ក្រោយ​របស់​លោក​នៅ​លើ​ Platform ខាង​លើ​បែរ​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញចិត្ត​​ទៅវិញ។​

កាល​ពី​ថ្ងៃ​ម្សិលមិញ​ (១៩ មករា​ ២០២២) T.O.P បាន​ផុស​រូប​ភាព​ក្រុម​របស់​ខ្លួន​បង្ហាញ​វត្តមាន​សមាជិក​ដែល​នៅ​សល់​រួម​ G-Dragon, Daesung, Taeyang និង​រូប​លោក​ផ្ទាល់​ តែ​មិន​មាន​រូបភាព​របស់​ Seungri។ ការ​ពិត​នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​​ Rapper រូប​នេះ​បាន​បង្ហោះ​រូបភាព​ដែល​មាន​តែ​សមាជិក​៤​នាក់​ ប៉ុន្តែ​រាល់​លើក​លោក​មិន​ដែល​យក​រូបភាព​ចាស់​ដែល​ជា​រូបភាព​ក្រុម​មាន​សមាជិក​៥​នាក់​មក​កាត់​សល់​ត្រឹម​តែ​៤នាក់​ហើយ​យក​មក​បង្ហោះ​​នោះ​ទេ​។ ហ្វេន​ដែល​ជា​អ្នក​គាំទ្រ​ក្រុម​ Bigbang ក៏​ដូច​ជា​អ្នក​គាំទ្រ​ Sengri ​ដោយ​ចំពោះ​ ​បាន​សម្ដែង​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​ T.O.P នេះ​។

រូបភាព​នោះ​លោក​បាន​ភ្ជាប់​ជាមួយ​នឹង​ hashtags ខ្លី​ថា​ #ilovemyband and #ilovemyfans

Seungri បាន​ដើរ​ចេញ​ពី​ក្រុម​ BIGBANG កាល​ពី​ឆ្នាំ​២០១៩ នៅ​ពេល​ដែល​រឿង​អាស្រូវ​ក្នុង​ប្រអប់​សារ​ Sex បាន​បែក​ធ្លាយ​ចេញ​មក​ជា​សាធារណៈ​។ ប្រអប់​សារ​ក្រុម​ដែល​ជជែក​ពី​រឿង​ពេស្យាចារ​ការ​ជជែក​ចរចា​ ទិញ​លក់​ផ្លូវ​ភេទ និង​រឿង​រ៉ាវ​ផ្សេង​ៗ​ទៀត​ ធ្វើ​ឱ្យ​លោក​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​។ ចំពោះ​បញ្ហា​នេះ​សមាជិក​ផ្សេង​ៗ​ក្នុង​ក្រុម BIGBANG មិនមាន​អ្នក​ណា​ម្នាក់​បញ្ចេញ​នូវ​មតិយោបល់​ឬ​ការ​យល់​ឃើញ​អ្វី​ទាំង​អស់​។

ងាក​មក​ T.O.P វិញ​លោក​បាន​ព្យាយាម​ប្រើប្រាស់​បណ្ដាញ​សង្គម​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​គាំទ្រ​ ចំពោះ​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់​ក្រុម​ BIGBANG។ ថ្វី​ត្បិត​តែ​មិនមាន​សញ្ញាណ​វិជ្ជមាន​ណាមួយ​បង្ហាញ​ឱ្យ​ឃើញ​ថា​ BB នឹង​ត្រលប់​មក​ចេញ​អាល់ប៊ុម​ចម្រៀង​ឆាប់​ៗ​នេះ​វិញ​​។

បន្ទាប់​ពី​បទ​ចម្រៀង​ចុង​ក្រុ​ «Flower Road» របស់​ពួក​គេ​បាន​ចេញ​តាំង​ពី​ឆ្នាំ​២០១៨​ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​សង្ឃឹម​ថា​ក្រុម​ចម្រៀង​បុរស​ដ៏​ល្បីល្បាញ​ជំនាន់​ទីពីរ​របស់​កូរ៉េ​ខាង​ត្បូង​នឹង​រួម​គ្នា​សារ​ជា​ថ្មី​ហើយ​ចេញ​បទ​ចម្រៀង​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​ទៀត​៕

Telegram-Troryorng
Share.