ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូ ដឹកអង្ករយកទៅឲ្យកូនស្រី ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូ ហុងដាឌ្រីមអត់ស្លាកលេខមួយគ្រឿង ធ្វើសកម្មភាពឆក់យកកាបូបខោអាវ លុយ ទៅបាត់ ដោយសុវត្តិភាព បណ្តាលឲ្យស្ត្រីរូបនោះដួលរងរបួសជើង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អួង ស្រីពៅ ភេទស្រី អាយុ៥៤ឆ្នាំ ជាស្ត្រីម៉េម៉ាយ មានកូនស្រី២នាក់ មានទីលំនៅភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។ សម្ភារៈលុយកាក់បាត់បង់ រួមមានខោអាវ លុយជាង៥០ម៉ឺនរៀល ទូរស័ព្ទ ម៉ាកoppo មួយគ្រឿង អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត ។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូ zoomer ពណ៌ស ពាក់ស្លាកលេខ កំពត 1R-3127 ធ្វើដំណើរចេញពីស្រុក ដឹកអង្ករ សម្ភារៈ យកឲ្យកូនស្រី កំពុងស្នាក់នៅរៀនសូត្រ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា។ ពេលដែលកំពុងធ្វើដំណើរ តាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ អត់មានស្លាកលេខ មកឆក់ទាញយកកាបូប ដែលដាក់ នៅពីមុខក្រោមជើង ទៅបាត់ រេចង្កូតដួលម្នាក់ឯង រងរបួសរលាត់ជើង កំពប់អង្ករ តាមផ្លូវ ។

ក្រោយកើតហេតុ ដោយសារភិតភ័យពេក ស្ត្រីរងគ្រោះនៅអង្គុយកន្លែងកើតហេតុ អស់ រយៈពេលជិត១ម៉ោង រួចបន្តដំណើរទៅទៀត ទោះជាពលរដ្ឋប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលក្តី ក៏ស្ត្រីរងគ្រោះពោលពាក្យថា ប្តឹងទៅក៏មិនបានអ្វី គាត់ធ្លាប់មើលព័ត៌មាន ហើយ មិនដែលឃើញសមត្ថកិច្ចចាប់ចោរឆក់បានផង ខណៈដែលចោរឆក់រាល់ថ្ងៃយ៉ាងនេះ ។

ស្របពេលដែលមានជនសង្ស័យធ្វើសកម្មភាពឆក់ នៅផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី២ ស្រាប់តែនៅវេលាម៉ោង៩ព្រឹក ថ្ងៃដដែល កើតមានមួយករណីទៀត ជនសង្ស័យធ្វើសកម្មភាព ឆក់កាបូបលុយ នៅផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានដោយសុវត្តិភាព ជនរងគ្រោះបានត្រឹមដើរស្វែងរកដាក់ពាក្យបណ្តឹង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.