លោក ហ្កាស្ប៉ារដ៍ អ៊ុយលីយែល មានសំណេរជាឡាតាំង Gaspard Ulliel អាយុ៣៧ឆ្នាំ ជាតារាភាពយន្តបារាំង បានទទួលមរណភាព កាលពីថ្ងៃពុធ ទី១៩ខែមករាឆ្នាំ២០២២ ដោយសារគ្រោះថ្នាក់លេងស្គីលើទឹកកក ។ តារានៃភាពយន្ដ «A Very Long Engagement »និង «Hannibal Rising » រូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់នៅភ្នំអាល់។

លោក អ៊ុយលីយែល ត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រកាលពីថ្ងៃអង្គារទៅកាន់ Grenoble ប៉ុន្តែលោកបានដាច់ខ្យល់ដង្ហើមហើយ នេះបើយោងតាមសម្ដីក្រុមគ្រួសារ និងភ្នាក់ងាររបស់តារាសម្តែង។ ទូរទស្សន៍ក្នុងស្រុកបារាំងបានរាយការណ៍ថា តារាប្រុសរូបនេះ បានបុកជាមួយអ្នកជិះស្គីម្នាក់ទៀតនៅចំណុចឆ្លងកាត់មួយ ដោយរងរបួសក្បាល។ គេបាននិយាយថា អ្នកជិះស្គីម្នាក់ទៀតមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទេ និងកំពុងដំណើរការស៊ើបអង្កេតបន្តទៀត។

ក្រៅពីការងារទូរទស្សន៍មួយចំនួន តារាប្រុសរូបនេះបានចូលរួមសម្ដែងរឿង «Brotherhood of the Wolf» ឆ្នាំ 2001 រួមជាមួយ Vincent Cassel និង Monica Bellucci ។ លោកក៏ទទួល​បាន​ការ​កោត​សរសើរខ្លាំងបំផុតមួយទៀត​ក្នុង​ភាពយន្ត​បារាំង «Summer Things and Strayed » ។ បន្ទាប់​មក​លោកក៏បានជោគជ័យយ៉ាងខ្លាំងតាមរយៈសម្ដែងរឿងមនោសញ្ចេតនា​ «A Very Long Engagement »របស់ Jean-Pierre Jeunet ​នឹង Audrey Tautou រហូតធ្វើឱ្យលោកឈ្នះពានរង្វាន់ Cesar ជាតារាសម្តែងដែលលេចធ្លោបំផុត។

បើតាមការបង្ហោះរបស់ លោក ចៀប​ សុវិជ្ជា នាយក​នៃ​ក្រុមគណៈក​ម្មាធិ​ការ​ភាពយន្ដ​ខ្មែរ (Cambodia Film Commission) បានឱ្យដឹងថា កាលពីឆ្នាំ២០០៧ លោក ហ្កាស្ប៉ារដ៍ អ៊ុយលីយែល បានមកស្នាក់ នៅកម្ពុជា រយៈ ពេល៥ ខែ ដើម្បីថតខ្សែភាពយន្ត រឿង “ទំនប់ទប់មហាសមុទ្រ​ប៉ាស៊ីហ្វិក” ឬ “The Sea Wall” ឬ “Un barrage contre le Pacifique” ។ ក្នុងអំឡុងពេលស្នាក់នៅ ថតភាពយន្តនៅកម្ពុជា Gaspard មានចរិក រួសរាយ​រាក់ទាក់ជាមួយក្រុមការងារទាំងអស់ មិនថាជាជនជាតិបារាំង ឬ ជនជាតិខ្មែរឡើយ ។ ក្រុមការងារ និង អ្នកសម្តែង ​ដែលបាន​ចូលរួមផលិតខ្សែភាពយន្តនេះ សូមចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះ លោកហ្កាស្ប៉ារដ៍ អ៊ុយលីយែល និងសូម វិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព!៕

Telegram-Troryorng
Share.