ពិធីការិនីសាច់សខ្ចីដងខ្លួនស្រឡូនរាងខ្ពស់ស្រឡះដែលមហាជនអ្នកលេងបណ្ដាញកំពុងចាប់អារម្មណ៍នៅពេលនេះគឺកញ្ញា ជីមមី (Jimmy Meng) ខណៈនាងបង្ហោះរូបភាពចំនួន ៤សន្លឹកបង្ហាញអំពីដំណើរកម្សាន្ដនៅតំបន់ឆ្នេរសមុទ្រដែលមានការតុបតែងខ្លួនបែបរម្យទមនោះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការវែកញែកឌឺដងគ្នាមិនឈបឈរ។ តើរូបភាពទាំងអស់នេះ មានចំនុចពិសេសអ្វីទៅ បានជាមហាជនចាប់អារម្មណ៍ដល់ថ្នាក់ហ្នឹង?

ជាការពិតមួយ កន្លងមកនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេតែងតែឃើញតារាសិល្បៈជាច្រើននាក់ តែងតែនិយមបង្ហោះរូបភាពសម្ញែងមហាជនពីឈុតប៊ីគីនី វាលខ្នង វាលភ្លៅ ចំហរសាច់ កាច់រាងសិចស៊ី នៅលើឆ្នេរសមុទ្រ ដែលបង្ហាញពីភាពស្រស់ស្រាយលំហែកាយយ៉ាងមានសេចក្ដីសុខ។ ប៉ុន្ដែការបង្ហាញយ៉ាងមិនរអែងចិត្តនេះ ត្រូវបានមហាជនមួយចំនួនលើកការរិះគន់ថា ជាមនុស្សមហាជនមិនសមណាបង្ហាញភាពសិចស៊ីដែលខុសប្រពៃណីទំនៀមទំលាប់ខ្មែរបែបនេះសោះ តែក៏មានអ្នកខ្លះទៀតអះអាងវិញដូច្នោះថា ពេលទៅលេងសមុទ្រម្ដងៗ តើឱ្យគេស្លៀកពាក់ហូមផាមួងមែនដែរទេ?​

ករណីនេះក៏អាចបញ្ជាក់ឱ្យគេដឹងថា មហាជនអ្នកគាំទ្រខ្មែរ នៅមិនទាន់បើកចិត្តចំពោះរឿងស្លៀកពាក់សិចស៊ីបង្ហាញល្វែងលើល្វែងក្រោមនៅឡើយទេ នោះក៏ព្រោះតែ ការរក្សាប្រៃពីណីវប្បធម៌ ទំនៀមទំលាប់ខ្មែរ នៅមានសភាពតឹងរឹងមិនរលុង។

ជាក់ស្ដែងនៅពេលថ្មីៗនេះ កញ្ញា ជីមមី បានលើកយកការបង្ហាញឈុតដំណើរកម្សាន្ដទៅកាន់តំបន់សមុទ្រ ដោយស្លៀកពាក់តាមបែបប្រពៃណីវិញម្ដង ដោយមានការតុបតែងកាយដូចជា ស្លៀកសំពត់បទ ពាក់អាវហូលកាត់វាលក ដៃបំពង់ខ្លី ពណ៌បៃតងចាស់ ឈរបង្ហាញម៉ូដយ៉ាងសុខភាពរម្យទម។ កញ្ញាបានរៀបរាប់ជាខ្លឹមសារនៅហ្វេសប៊ុកផ្ទាល់ខ្លួនថា «ដំណើរកម្សាន្ដតាមឆ្នេរសមុទ្រ ឈុតបានពី Jimmy Meng Shop» ។ រូបភាព ៤សន្លឹករបស់កញ្ញាដែលបានបង្ហាញបែបនោះ គឺបានធ្វើឱ្យមហាជនផ្ទុះការវែកញែក ហើយមានខ្លះឌឺដងសម្ដីគ្នា និងមានខ្លះទៀតលើកឡើងថា នេះហើយឱ្យសមមុខអ្នកពូកែរិះគន់គេពេក នៅពេលទៅលេងសមុទ្រម្ដងៗ។ ក៏មានខ្លះធ្វើឱ្យកាចែករំលែកបន្ត (Share) រហូតដល់មានចំនួន 5.8K Share ទៅហើយ។

ទោះជាយ៉ាងណាក្ដី គេជឿថា គោលបំណងរបស់កញ្ញា ជីមមី ក្នុងបង្ហោះបែបនេះ គឺចង់ឱ្យមហាជនអ្នកលេងបណ្ដាញមានការពិចារណាដោយសមគួរ ដែលមិនមានចេតនាបង្អាប់ ឬផ្គើនចំពោះបុគ្គលណាមួយនោះឡើយ។ ការបង្ហោះបែបនេះ ក៏ត្រូវបានគេមើលឃើញក្នុងការពិចារណាថា តើការរៀបចំខ្លួនស្លៀកពាក់សមរម្យតាមពេលកាលៈទេសៈជាការមើលទៅត្រឹមត្រូវ ឬក៏ស្លៀកពាក់មិនសមតាមកាលៈទេសៈទើបជាការត្រឹមត្រូវ? ដូច្នោះហើយ គឹមហាជនអ្នកលេងបណ្ដាញសង្គមដែលអាចយកគំនិតនេះទៅពិចារណាបាន មុន​នឹង​សម្រេចចិត្តប្រើសម្ដីរិះគន់ចំពោះបុគ្គលណាម្នាក់៕

Telegram-Troryorng
Share.