ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារី២នាក់ នៅពេលជិះម៉ូតូតាមផ្លូវ បានសម្រេចហើយព្យាយាមរត់គេច។ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ដែលកំពុងស្វែងរកជនសង្ស័យឆក់កាបូបចាប់មិនទាន់បានផងនោះ ក៏ដេញតាមចាប់បាន កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៥នាក់រួមមាន៖ ទី១ ឈ្មោះ ថេត ប៊ុនថេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងសាក់ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ នូ បូរិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។ ទី៣ ឈ្មោះ សំអាង សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្សសាលា ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ទី៤ ឈ្មោះ ចាន់ ចែ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ទី៥ ឈ្មោះ ឃុន សុខឃៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់គ្រឿងសំណង់ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រោយពីជនសង្ស័យ ឆក់កាបូបលុយចំនួន៤ករណីផ្សេងគ្នា ធ្វើឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក្តៅ ស្លឹកត្រចៀក ប្រកាសចេញឃ្លាំមើល។ ស្រាប់តែនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យមួយក្រុមគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ម៉ាកiPhone 12 pro ពីនារី២នាក់កំពុងជិះម៉ូតូតាមផ្លូវក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ភ្លាមៗកំពុងចាប់ជនសង្ស័យឆក់កាបូបលុយមិនទាន់ បានផង មានជនសង្ស័យឆក់ទូរស័ព្ទទៀត ប្រដេញតាមចាប់បាន៥នាក់ ដកហូតបានម៉ូតូ ២គ្រឿង និងយកបានទូរស័ព្ទដៃជូនជនរងគ្រោះវិញ ។

ជនរងគ្រោះឈ្មោះ សឿង សុភ័ក្រនាថ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិទ្រុងមាន់ សង្កាត់អូរបែកកក្អម ខណ្ឌសែនសុខ ជាម្ចាស់ទូរស័ព្ទ និងឈ្មោះ សាវ៉ាត ឡៃលី ភេទស្រី អាយុ២៣ឆ្នាំ ធ្វើការជាមួយគ្នា ជាអ្នករួមដំណើរ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែក ជំនាញខណ្ឌពោធិ៍សែនជ័យទៅតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.