កន្លងទៅមួយប្រ៉ាវ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ខ្លាំងចំពោះប្រធានបទ «ជនទី៣» រហូតដល់មានការផលិតជាភាពយន្ដខ្លីដែលផ្ដល់តម្លៃអប់រំទៅកាន់សង្គមមហាជនផងដែរ។ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ គេចាប់អារម្មណ៍ឃើញផលិតកម្មថោន បានបញ្ចេញបទចម្រៀងបែបភាពយន្ដខ្លី ដែលមានចំណជើងថា «ផ្ដាំជនទី៣» បើបានទស្សនាហើយ ធានាចាក់ដោតអារម្មណ៍ និងធ្វើឱ្យអ្នកខ្លោចចិត្តអាណិតតួប្រុស រហូតដល់ស្រក់ទឹកភ្នែកតាមសាច់រឿងដោយមិនដឹងខ្លួនទៀតផង។ តើបទចម្រៀង «ផ្ដាំជនទី៣» មានអត្ថន័យ និងខ្លឹមសារសាច់រឿងយ៉ាងខ្លះ?

បទចម្រៀង «ផ្ដាំជនទី៣» ជាការបកស្រាយដោយលោក គូម៉ា ជាតារាចម្រៀងប្រុសប្រចាំផលិតកម្មថោន និងជាការដឹកនាំសម្ដែងដោយលោក ផល ពេជ្រសីហា (Phano ice) ។

លោក ផល ពេជ្រសីហា អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន

បើតាមសាច់រឿងទាំងមូលរបស់បទចម្រៀង «ផ្ដាំជនទី៣» លោក ផល ពេជ្រសីហា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានត្រយងថា ចំពោះបទចម្រៀងមួយនេះ និយាយពីជនទី៣ ហើយក៏ជាស្នាដៃសម្រិតសម្រាំងបំផុត ទាំងសាច់រឿង និងតួសម្ដែង ជាពិសេសនោះគឺ មានឧបសគ្គច្រើនក្នុងការថត។ លោកនិយាយថា ៖« ចំពោះការថតបទ «ផ្ដាំជនទី៣» គឺយើងសម្រិតសម្រាំងសាច់រឿង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រទស្សនាហើយ ចាក់ដោតអារម្មណ៍ បើនិយាយទៅប្រៀបដូចជាបទនេះនិយាយពីរឿងគាត់ ឬអារម្មណ៍កើតមានក្ដីអាណិតចំពោះតួប្រុស ដែលរងគ្រោះដោយសារជនទី៣។ ការពិតបទចម្រៀង «ផ្ដាំជនទី៣» នៅក្នុងផលិតកម្មថោន គឺមានមុនការផ្ទុះប្រធានបទជនទី៣នៅលើបណ្ដាញសង្គម ក៏ប៉ុន្ដែដោយសារតែវិបត្តិកូវីដ១៩ បានអូសបន្លាយពេលយូរពេក ទើបធ្វើឱ្យបទចម្រៀងមួយនេះកាន់តែរុញពេលថត»។

តើលោកបានជួបឧបសគ្គអ្វីខ្លះក្នុងពេលថត?

លោក ផល ពេជ្រសីហា បាននិយាយថា ៖«ការថតបទ «ផ្ដាំជនទី៣»នេះ មានឧបសគ្គច្រើនដែលមិនអាចរៀបរាប់ឱ្យមហាជនបានដឹងអស់ ដែលជាពិសេសនោះគឺការប្រឈមជាមួយការថតដែលប្រើរយៈពេលខ្លី ជាកត្តាមួយធ្វើឱ្យអ្នកដឹកនាំសម្ដែងដុតដៃដុតជើង ធ្វើយ៉ាងណាបញ្ចេញបទនេះឱ្យទាន់ពេលវេលា។ ការពិតណាស់ សូម្បីតែតួសម្ដែង ក៏យើងសម្រិតសម្រាំង ដើម្បីតម្រូវសាច់រឿងនិងអត្តចរិតតួ បើទោះបីជាបទនេះចំណាយតួមិនច្រើនក្នុងការថត ក៏ប៉ុន្ដែយើងចំណាយពេលក្នុងការស្វែងរកទីតាំងថតច្រើនវិញ ដើម្បីផ្ដិតយកប្លង់សំខាន់ៗ ហើយចង់ឱ្យធ្វើយ៉ាងណា អ្នកទស្សនាស៊ីអារម្មណ៍ជាមួយភាពយន្ដខ្លីនៃបទចម្រៀងនេះ»។ តាមសាច់រឿងរយៈបទនេះ លោក សីហា បានផ្ដាំពីទស្សនៈមួយថា « ពេលដែលត្រូវបែក។ មនុស្សពីរនាក់ដែលស្រឡាញ់គ្នាយូរឆ្នាំ តែធ្វេសប្រហែសមួយភ្លែតទេ ការប្រែប្រួលចិត្តភ្លាមមួយរំពេច អ្នកខ្លះទោះរៀបការជាមួយគ្នាមានកូនបួនប្រាំទៅហើយ តែដល់ពេលដែលត្រូវបែកគឺមិនបាច់ហាមទេបែកបានដូចគ្នា។ ដូច្នោះវីដេអូនេះជាគំរូមួយសម្រាប់មហាជនទស្សនាដោយពិចារណា »។

ជាការពិតណាស់ បទចម្រៀង «ផ្ដាំជនទី៣» បានលាតត្រដាងពីរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូ ស្រឡាញ់គ្នាចាប់ដៃគ្នា ផ្ដើមរកស៊ីពីបាតដៃទទេ រហូតដល់មានហាង និងផ្ទះ ដែលអ្នកទាំងពីរគិតថាអាចបំពេញក្ដីសុខឱ្យគ្នាបាន។ តែនៅថ្ងៃមួយ ជនទី៣បង្ហាញមុខភ្លាម ក្ដីស្រឡាញ់ និងការខិតខំប្រឹងប្រែងទាំងប៉ុន្មានដូចអំបិលត្រូវទឹក។ យ៉ាងណាមិញ បទចម្រៀងនេះ នៅមានសាច់រឿងបន្ដទៀត មិនទាន់បញ្ចប់ត្រឹមនេះទេ។ តើសាច់រឿងបទ «ផ្ដាំជនទី៣» ស៊ីអារម្មណ៍អ្នកទស្សនាខ្លាំងប៉ុន្មាន? ហើយចុងក្រោយមានរឿងអ្វីកើតឡើងនោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា និងកុំភ្លេចរង់ចាំទស្សនាវគ្គបន្ដទៀត៕

Telegram-Troryorng
Share.