បាត់ដំបង៖ ប្រជានេសាទឃុំកោះជីវាំង ដែនបឹងទន្លេសាប សម្រុកធ្វើប្រហុកត្រីកំភ្លាញបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកស្រីវ័យ ៦៥ឆ្នាំ ឈ្មោះព្រាប ផុន ជាប្រជានេសាទបែបលក្ខណ:គ្រួសាររស់នៅលើទឹក ក្នុងឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី ២៤ ខែមករានេះថា ជាធម្មតាគ្រួសាររបស់អ្នកស្រីបន្ទាប់ពីការនេសាទត្រីជាលក្ខណ:គ្រួសារចិញ្ចឹមក្រពះ អ្នកស្រីបានបន្តឆ្លៀតកែច្នៃធ្វើប្រហុកប្រភេទត្រីកំភ្លាញបន្ថែមទៀតដើម្បីផ្គត់ផ្គង់ជីវ ភាពគ្រួសារឲ្យកាន់តែមានភាពល្អប្រសើរ ដែលមុខរបរមួយនេះក្រុមគ្រួសាររបស់អ្នកស្រីបានសមប្រកបរយ:ជាង ៣០ឆ្នាំកន្លងមកហើយ។

អ្នកស្រីបន្តថា តម្រូវការប្រហុកត្រីកំភ្លាញធម្មជាតិមកដល់ពេលនេះនៅតែមានការពេញនិយមសម្រាប់ប្រជាពលរដ្ឋទទួលទាន ហើយទីផ្សារទូលាយមិនបារម្ភជុញស្ទះ។ ប្រាក់ចំណូលពីការកែច្នៃប្រហុក និងត្រីឆ្អើរនេះមួយរដូវ រយ: ពេល៣ខែប្រមូលផលម្តង គឺទទួលបានប្រាក់ចំណូលចាប់ពី ៣លានរៀល ឬច្រើនជាងនេះ វាជារបររួមផ្សំមួយបានស្ទួយជីវភាពក្នុងគ្រួសារអ្នកស្រីបានសមរម្យ ផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូន ចៅបានយ៉ាងប្រសើរ។

ចំណែកប្រជានេសាទលោកស្រី តុន គឹមហោ បានប្រាប់ឲ្យដឹងដែរថា ប្រហុកត្រីកំភ្លាញបច្ចុប្បន្នលក់បានក្នុងមួយគី ឡូក្រាម ពី ៦០០០-៧០០០រៀល។ សម្រាប់គ្រួសារលោកស្រីប្រាក់ចំណូលប្រចាំថ្ងៃពឹងផ្អែកទាំងស្រុងតែទៅលើមុខរបរធ្វើប្រហុក ត្រីងៀត ត្រីឆ្អើ និងផ្អកតែប៉ុណ្ណោះ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃរបរខាងលើទោះជាមានការ នឿយហត់បន្តិចមែនតែវាបានជួយលើកកម្ពស់គ្រួសារបានមួយកម្រិតពីមួយរដូវ ទៅមួយរដូវ។

រីឯលោក ពុំ ចិន មេឃុំកោះជីវាំងបានឲ្យដឹងដែរថា លោកសប្បាយចិត្តពេលដែលបានឃើញបងប្អូនប្រជានេសាទជាកូនចៅឧស្សាហ៍ព្យាយាមនាំគ្នាប្រកបរបរធ្វើប្រហុកត្រីកំភ្លាញដែលជាប្រភេទត្រីតូចៗមិនបំពានបំរាមផ្លូវច្បាប់ ម៉្យាងទៀតបានលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរមិនប្រឈមនឹងការខ្វះខាត៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.