ភ្នំពេញ៖រថយន្តឃ្លុបដឹកទឹកកកអនាម័យ មួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតជ្រុលទៅបុករថយន្តបែនដឹកដីខ្សាច់ កំពុងបើកច្រាសទិសគ្នា បណ្តាលឲ្យក្រឡាប់ចាក់ ទឹកកកចោលពេញផ្លូវ រថយន្តខ្ទេចទាំង២គ្រឿងនៅកណ្តាលផ្លូវ ធ្វើឲ្យកកស្ទះចរាចរ កាលពី វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ តាមផ្លូវ៣០ម៉ែត្រ ចំណុចព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ឃ្លុប ដឹកទឹកកក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-7849 បើកពីលិចទៅកើត ដល់ចំណុច កើតហេតុ អ្នកបើកបរងងុយដេក រេចង្កូតទៅខាងឆ្វេង ជ្រុលបុករថយន្តបែនកង់៦ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1453 បើកពីកើតទៅលិច ច្រាសទិសគ្នា បណ្តាល ឲ្យក្រឡាប់ ចាក់ទឹកកកអនាម័យចោលពេញផ្លូវ រថយន្តខ្ទេចមុខទាំង២គ្រឿង សំណាងល្អ អ្នកបើកបរ សងខាងមិនមានរងរបួស ។

យុវជនជាអ្នកបើកបររថយន្តដឹកទឹកកក បានបញ្ជាក់ផងដែរថា គាត់ងងុយដេកខ្លាំងពេក ដឹកទឹកកកចេញពីផ្លូវជាតិលេខ៣ ខណ្ឌកំបូល ឆ្ពោះទៅដាក់ឲ្យម៉ូយនៅផ្លូវជាតិលេខ២ ខណ្ឌដង្កោ បើកដល់ចំណុចកើតហេតុ ងោកមួយភាំង ជ្រុលបុកជាមួយរថយន្តដឹកដី បើកច្រាសទិសគ្នាតែម្តង ។

ក្រោយកើតហេតុ ខណៈដែលរថយន្តទាំង២គ្រឿងកំពុងមានបញ្ហានៅកណ្តាលផ្លូវឲ្យ ធ្វើឲ្យ កកស្ទះចរាចរ សមត្ថកិច្ច ទាំងសង្កាត់ព្រៃស ទាំងសង្កាត់ចោមចៅ២ ចុះទៅ សម្រួលចរាចរ រងចាំជំនាញ វាស់វែង ស្ទូចលើកយកចេញពីផ្លូវ ដើម្បីប្រគល់ឲ្យការិយាល័យ ចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.