ឯកឧត្តម ស សុខា អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ស្នើសុំ​មហាសន្និបាត​​​របស់​សហព័ន្ធ ដែល​មាន​ការ​ចូលរួម​ពី​អភិបាល​រង​រាជធានី​​ខេត្ត​និង​ស្នងការ​​និង​ស្នងការ​រង​រាជធានី​ខេត្ត​នីមួយៗ ឱ្យ​មាន​ការ​បង្កើត​ក្រុម​បាល់ទះ​តំណាង​ខេត្ត​របស់​ខ្លួន ដើម្បី​បំផុសបំផុល​ចលនា​​កីឡា​មួយ​នេះ​។

ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុង​ថ្ងៃ​មហាសន្និបាត

ឯកឧត្តម​បន្ថែម​ថា​ ការ​ស្នើសុំ​ឱ្យ​មាន​ការ​បង្កើត​ក្រុម​បាល់ទះ​តំណាង​រាជធានី​ខេត្ត​នេះ​ គឺ​ដើម្បី​ស្វែង​រក​កីឡាករ​មាន​ទេពកោសល្យ​ផង និង​បំផុស​ចលនា​កីឡា​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ផង។ ការ​បង្កើត​ក្រុម​នេះ​ត្រូវ​មាន​ចុះ​ឈ្មោះ​នៅ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។

ការ​ស្នើសុំ​ឱ្យ​មាន​ក្រុម​បាល់ទះ​តាម​រាជធានី​ខេត្ត​នេះ គឺ​ស្រប​នឹង​ផែនការ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​​កម្ពុជា ដែល​មាន​គម្រោង​រៀបចំ​ផែនការ​ប្រកួត​ពានរង្វាន់​ក្នុង​ស្រុក​ជា​ច្រើន​ដូចជា​ពានរង្វាន់​បាល់ទះ​សម្ដេច​ក្រឡាហោម ស ខេង ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ពានរង្វាន់​ជើង​ឯក​ថ្នាក់​ជាតិ​ ក្នុង​ឆ្នាំ​២០២២​នេះ ខណៈ​ផែនការ​ពានរង្វាន់​ទាំង​អស់​នេះ​ត្រូវ​បាន​យាយី​ដោយ​សារ​ជំងឺ​កូវីដ-១៩ ក្នុង​ឆ្នាំ​២០២១ កន្លង​ទៅ។

បន្ថែម​ពី​លើ​ការ​ស្នើសុំ​របស់​ឯកឧត្តម ស សុខា ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​សង្កត់​ធ្ងន់​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ថា ការ​បង្កើត​ក្រុម​បាល់ទះ​នេះ​ត្រូវ​កំណត់​ឱ្យ​ស្នងការ​រាជធានី​ខេត្ត​ជា​សេនាធិការ ហើយ​ត្រូវ​ចុះ​បញ្ជី​ឱ្យ​បាន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខណៈ​នៅ​ខែ​មីនា តទៅ​អាច​នឹង​ដំណើរ​ការ​ប្រកួត​ពានរង្វាន់​ក្នុង​ស្រុក​មួយ​ចំនួន​ហើយ។

ផ្នែកការ​ប្រកួត​នេះ​ជា​ការ​ពង្រឹង​បច្ចេកទេស​ដល់​​មន្រ្តី​អាជ្ញាកណ្ដាល ចៅក្រម និង​ជ្រើសរើស​កីឡាករ​មាន​សមត្ថភាព​ដល់​ក្រុម​ក្រុម​ជម្រើសជាតិ​បាល់ទះ​បន្ថែម មុន​ពេល​កម្ពុជា ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ៕

សកម្មភាពប្រកួតបាល់ទះកន្លងទៅ
Telegram-Troryorng
Share.