ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយស្ត្រី ជាភរិយា រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ទាំងទឹកភ្នែករលីងរលោង បន្ទាប់ពីបាត់ម៉ូតូអស់មួយគ្រឿង គ្រាដែលចូលដេកសម្រាកក្នុង បន្ទប់ រហូតដល់ភ្ញាក់ពីដំណេកទើបដឹងថាបាត់ម៉ូតូ ផ្អើលឆោឡោ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅផ្ទះជួល ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ ឡាត់ ស៊ីនុត អាយុ២៧ឆ្នាំ កម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ និងមានទី លំនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយក ទៅបាត់ ម៉ាក M-SLAZ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1IT-2890 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ពួកគាត់ជួលបន្ទប់ស្នាក់នៅ ដោយសារម៉ូតូប្រភេទធុនធំ ពិបាកអូសចូលបន្ទប់ ទើបចតចាក់សោទុកខាងមុខបន្ទប់រាល់ថ្ងៃ ហើយមុនកើតហេតុ ម៉ូតូចតចាក់សោ កដូចរាល់ដងទាំងច្រវាក់និងកង់។បន្ទាប់មកខ្លួនក៏ចូលដេកសម្រាក លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទីព្រឹកនេះ រៀបចំខ្លួនចេញទៅធ្វើការ បើកទ្វារចេញមក ស្រាប់តែបាត់ម៉ូតូឈឹង សាកសួរអ្នកជុំវិញ គ្មានអ្នកណាដឹង ទើបឆោឡោ ។

ក្រោយពីដឹងថា ម៉ូតូត្រូវបានជនសង្ស័យលួចយកទៅបាត់ស្រមោលហើយ ក៏នាំគ្នាទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ទោះជាដឹងថា ម៉ូតូដែលចោរលួចបាត់ហើយ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ កម្រសមត្ថកិច្ចស្រាវជ្រាវ រកឃើញវិញ ឬចាប់ជនសង្ស័យបាន ចេះតែដាក់បណ្តឹងរក្សាទុកទៅ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.