មានរថយន្តដឹកដីធុនធំមួយគ្រឿងពណ៌ត្រួយចេក ពាក់ស្លាកលេខកំពង់ចាម 3A-3997 ធ្វើដំណើរឡើងលើស្ពានព្រែកព្នៅក្នុងទិសដៅពីកើតទៅលិច។ លុះបើកជិតផុតស្ពានទៅហើយស្រាប់តែរថយន្តរលត់ ខ្លួនក៏បានយកអាគុយមួយទៀតមកកូវដើម្បីបញ្ឆេះសាក ស្រាប់តែពេលនោះបែកផ្កាភ្លើង បង្កការឆាបឆេះ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាក់ទងរថយន្តអគ្គិភ័យចេញមកពន្លត់ បានពាក់កណ្ដាលផ្លូវ តែសំណាងល្អបន្ទាប់ពីឆាកបានមួយសន្ទុះ ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ឲ្យរលត់ទៅវិញ មិនបានឆេះរាលដាលធំដុំនោះទេ។

ករណីឆាបឆេះរថយន្តបង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៧:20នាទីយប់ថ្ងៃទី 27 ខែមករា ឆ្នាំ 2022 នៅលើស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌព្រែកព្នៅបានចុះមកដល់ទីតាំងកើតហេតុ ធ្វើការត្រួតពិនិត្យដោយមើលឃើញថាមិនមានការបង្កខូចខាតដល់សម្បត្តិសាធារណៈនិងគ្រោះថ្នាក់ផ្សេងៗ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យអ្នកបើកបររថយន្តយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖លី សុភ័ស្ត

Share.