ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្រដាប់ដោយដាវមួយដើម ឡើងផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួច ទ្រព្យសម្បត្តិ ជួបថ្ងៃស៊យ កម្លាំងសមត្ថកិច្ចក្របួចចាប់ជាប់២នាក់ កាលពីវេលាម៉ោង៤និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ វ៉ាន់ រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើតភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ គឹម សុខឡេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិបាគង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។  សមត្ថកិច្ចដកហូតបានដាវ១ដើម ម៉ូតូមួយ គ្រឿង ម៉ាក zoomer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-2534 ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកម្លាំងល្បាត នៅវេលាទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ប្រទះជួបជនសង្ស័យរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ សង្ស័យហៅឃាត់ សាកសួរ ទើបដឹងថា ជនសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ មានទាំងដាវមួយដើមផង ក៏ ឃាត់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ៕

Share.