ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីយកកាំបិតផ្គាក់ ដែកទីប កាប់ វាយ រថយន្ត បណ្តាលឲ្យរងខូចខាត ថែមទាំងដេញកាប់អ្នកបើកបររថយន្ត ក្រោយពី សត្វឆ្កែរបស់ខ្លួនរបូតរួច លោតចុះពីលើរ៉ឺម៉ក បោលចូលរថយន្តកិនងាប់។ ហេតុការន៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនបង្កឈ្មោះ ផល សុផា ហៅឈិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរវៀង ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ ង៉ុយ វិធូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងមាន ស្រុកកំណើត ភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ រថយន្តរងខូចខាតម៉ាក តាកុម៉ា ពណ៌ស ពាក់ស្លាកលេខលេខ កណ្តាល 2B-4012 បែកស្តុប មុខ ក្រោយ និងរយះ ទ្វារក្រោយ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់និងក្រុមគ្រួសារ បើករថយន្ត ដឹកកូន ត្រីអណ្តែង ពីផ្ទះទៅចិញ្ចឹមនៅស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយបើករថយន្ត កាត់តាមផ្លូវក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ស្រាប់តែមានសត្វឆ្កែមួយក្បាល លោតចុះ ពីលើរ៉ឺម៉កម៉ូតូ រត់បោលចូលរថយន្តរបស់គាត់ ដោយសារហ្វ្រាំងក៏មិនទាន់ ទើបបណ្តាល ឲ្យកិនងាប់ ស្រាប់តែ ជនដៃដល់ ជាម្ចាស់ឆ្កែ ហើយជាអ្នកបើករ៉ឺម៉ក ឃាត់រថយន្តឲ្យឈប់ ទាញបានកាំបិតផ្គាក់នៅលើរ៉ឺម៉ក មកកាប់ វាយ រថយន្ត បណ្តាលឲ្យខូចខាតហើយ ដេញកាប់គាត់ថែមទៀត។ពេលនោះ  ភ័យពេកគាត់ក៏រត់ចូលផ្ទះប្រជាពលរដ្ឋ ស្របពេលនោះ ត្រូវបានកម្លាំងនគរបាលល្បាតប្រទះឃើញ ជួយអន្តរាគមន៍ ឃាត់បានជនសង្ស័យ២នាក់ នាំទៅ សាកសួរនៅប៉ុស្តិ៍។ តែម្នាក់ទៀត ពុំមានពាក់ព័ន្ធ សមត្ថកិច្ចអនុញាត ឲ្យវិលត្រឡប់ ទៅវិញនៅតែជនបង្កម្នាក់សមត្ថកិច្ចឃាត់សាកសួរ ។

តាមចម្លើយសារភាព ជនដៃដល់បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដឹកសត្វឆ្កែ មួយក្បាល តាមរ៉ឺម៉កម៉ូតូ ចងទាំងខ្សែទៀត គោលបំណងដឹកយកទៅផ្ទះ។ ខណៈដែលធ្វើ ដំណើរតាមផ្លូវ សត្វឆ្កែរបូតរួច លោតចុះពីលើរ៉ឺម៉ក រត់ចូលរថយន្ត កិនងាប់។ពេលនោះខ្លួន ខឹងពេក ទប់កំហឹងមិនបានក៏កើតជារឿងហិង្សាបែបនេះ ។

យោងតាមបណ្តឹងរបស់ភាគីរងគ្រោះ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.