ទី​បំផុត​​​រក​ឃើញ​អ្នក​ឡើង​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​កម្មវិធី​ ONE Featherweight Kickboxing World Grand Prix ហើយ ពោល​​ ​​​​អ្នក​លេង​ឃីកបុកសីង​​សញ្ជាតិ​ថៃ Sitthichai Sitsongpeenong ​​ឡើង​ជួប Chingiz Allazov ​នៅ​ព្រឹត្តិការណ៍​​អស្ចារ្យ​ ONE: ONE X។

នៅ​ទឹក​ទី​១ ​​មិន​មាន​នរណា​មាន​ប្រៀប​ជាង​ទេ​សម្រាប់ Sitthichai និង Davit។ ​​កីឡាករ​​ហ្សកហ្សី​​ខំ​ដើរ​ចូល​តិចៗ​ដើម្បី​​​ប្រើ​កណ្ដាប់​ដៃ​ដ៏​ជំនាញ​របស់​ខ្លួន​ ខណៈ​ដែល​ ​កីឡាករ​ថៃ​មិន​ដក​ថយ ប៉ុន្តែ ចេញ​ក្បាច់​ប្រកប​ដោយ​ទំនុក​ចិត្ត ទោះ​មិន​ធ្វើ​ឲ្យ​គូ​ប្រជែង​របួស​ក្ដី។ អ្នក​ទាំង​ពីរ​ប្រកួត​​គ្នា​នៅ​កណ្ដាល​រេញ​​យ៉ាង​ល្អ​មើល។

​នៅ​ទឹក​ទី​២ Sitthichai នៅ​តែ​រក្សា​ជំហរ​​ដើម្បី​ចេញ​កណ្ដាប់​ដៃ , ​ទាត់​ជើង​ និង​ជង្គង់​ជា​រឿយៗ។ ​​​មុន​បញ្ចប់​ទឹក​នេះ ​កីឡាករ​ថៃ​បាន​ទាត់​ខ្ពស់​ធ្វើ​ឲ្យ​ Davit ដួល​ជ្រប់​ទៅ​ក្ដាររេញ ​រហូត​អាជ្ញា​កណ្ដាល​រាប់​ដល់ ៨ ប៉ុន្តែ ​​​ពេល​រាប់​ចប់​ក៏​ចប់​ទឹក​ល្មម។  ​នៅ​ទឹក​ចុង​ក្រោយ Sitthichai នៅ​តែ​មាន​ប្រៀប​លើ​ ​តារា​ហ្សកហ្សី​ដដែល និង​ព្យាយាម​ទាត់​ខ្ពស់​ហូរ​ហែ​ចំ​កញ្ចឹង​ក ប៉ុន្តែ ​ស្រាលៗ។​ ​​ការ​ដើរ​ចូល ​របស់​ Davit ដើម្បី​ស្ដារ​ដើម​មិន​អាច​​ដូច​បំណង​ទេ ​​ព្រោះ​ចូល​ទៅ​​ត្រូវ​កណ្ដាប់​ដៃ និង​ការ​ទាត់​កាត់​របស់​កីឡាករ​រហស្សនាម “Killer Kid” ទៅ​វិញ។ ​ទី​បំផុត កីឡាករ​ថៃ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង​ជា​ការ​ឈ្នះ​លើ​ក​ទី៣​ លើ​គូ​ប្រជែង​រូប​នេះ។

ក្រោយឈ្នះ​ការ​ប្រកួត Sitthichai បាន​ថ្លែង​ថា៖«​​​ខ្ញុំ​ពិត​ពិត​រំភើប​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ ព្រោះ Davitមាន​ការ​អភិវឌ្ឍ​ខ្លួន​ល្អ។  Kiria មាន​ភាព​រីក​ចម្រើន​ច្រើន​ណាស់។​ ខ្ញុំ​មាន​សម្ពាធ​ក្នុង​កា​រប្រកួត ប៉ុន្តែ ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​​បាន។​ ​ចំពោះ​ការ​ជួប Chingiz Allazov គឺ​ជា​ការ​ប្រកួត​ដ៏​ល្អ​មើល។ គេ​ជា​កីឡាក​រ​ល្អ​ម្នាក់។ ខ្ញុំ​នឹង​រៀប​ចំ​ដើម្បី​តតាំង​រូប​គេ។ ​សូម​រៀប​ចំ​ខ្លួន​ឲ្យ​ល្អ​ទាំង​អស់​គ្នា»។

ចំណែក មួយ​គូ​ទៀត កីឡាករ​អាស៊ែបៃហ្សង់-បេឡារូស Chingiz Allazov បាន​ប្រើ​ថិរវេលា​ត្រឹម​តែ ១ នាទី និង​ ៥៥ វិនាទី​​ដើម្បី​ផ្ដួល​​ជើង​ខ្លាំង​ឃីកបុកសីង​សញ្ជាតិ​ថា Jo Nattawut  ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១ ដើម្បី​កក់​កៅ​អី​​ឡើង​​​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី  ONE Featherweight Kickboxing World Grand Prix ដូច​គ្នា។

Chingiz បាន​ប្រើ​ស្នៀត​អុបប៉េគូប​​ឆ្វេង​ស្ដាំ​​ញាប់ៗ ​មុន​ឡើង​ជង្គង់​​ចំ​ផ្ទៃ​មុខ​ លើ Nattawut ឲ្យ​ដួល​ផ្ងា​ច្រងាង។ ​​ទោះ​​កីឡាករ​ថៃ ងើប​រួច ប៉ុន្តែ ​កីឡាករ​មក​ពី​ហ្សក​ហ្សី បាន​ប្រើ​ក្បាច់​ប្រដាល់​របស់​គេ​យ៉ាង​ល្អ ​រហូត​ធ្វើ​ឲ្យ​គូ​ប្រជែង​​ដួល​សន្លប់​​អុក​គូថ​​ម្ដង​ទៀត មិន​អាច​បន្ត​ការ​ប្រកួត​បាន​ទៀត​ទេ៕

Telegram-Troryorng
Share.