ភាពយន្ត​ខ្មោច​ Zombie​ ​បែប​ភ័យ​រន្ធត់​ «All of Us Are Dead» កំពុង​តែ​ល្បីល្បាញ​ខ្លាំង​កម្រិត​ពិភពលោក​ដោយ​សារ​តែ​សាច់​រឿង​ប្លែក​ថ្មី​។​ភាពយន្ត​ភាគ​កូរ៉េ​នេះ​បាន​យក​ឈ្នះ​ដៃ​គូ​ប្រជែង​ដែល​បញ្ចាំង​លើ​ Platform ដូច​គ្នា​ជា​ច្រើន​រឿង​។

មិន​ត្រឹម​តែ​ភាពយន្ត​នោះ​ទេ​ដែល​ល្បីល្បាញ​សូម្បី​តែ​តារា​វ័យ​ក្មេង​ដែល​សម្ដែង​ក្នុង​ភាពយន្ត​នេះ​ក៏​មាន​ប្រជាប្រិយភាព​និង​ល្បីល្បាញខ្លាំង​ជាង​​កាល​ពី​មុន​ដែរ​។ ក្នុង​នោះ​មើល​ឃើញ​ថា​តារា​សម្ដែង​ស្រី​រូប​ស្រស់​មួយ​រូប​ដែល​លេចធ្លោ​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​នេះ​គឺ​កញ្ញា​ Cho Yi Hyun ដែល​សម្ដែង​ជា​តួអង្គ​ Choi Nam Ra ដែល​អាច​ឆក់​យក​ការ​ស្រលាញ់​ និង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​។

ដោយ​សារ​តែ​អត្តចរិត​តួអង្គ​ Choi Nam Ra ​ដែល​មើល​ទៅ​ត្រជាក់​ប្រៀប​ដូច​ទឹកកក​ពិសេស​គឺ​ជា​ប្រធាន​ថ្នាក់​ ដែល​ខ្វល់​តែ​ការ​សិក្សា​និង​ចំណាត់​ថ្នាក់ ធ្វើ​ឱ្យ​ចាប់​ផ្ដើម​សាច់​រឿង​តួអង្គ​មយយ​នេះ​មើល​ទៅ​ជា​មនុស្ស​អាត្មា​និយម​និង​ឈាម​ត្រជាក់​គិត​តែ​ខ្លួន​ឯង​ ប៉ុន្តែ​ក្រោយ​ពី​ផ្ទុះ​រឿង​ Zombie​ ​នៅ​ក្នុង​សាលា​ធ្វើ​ឱ្យ​តួអង្គ​នេះ​​ចាប់​ផ្ដើម​បើក​ចិត្ត​ហើយ​ជួយ​ដល់​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន។

ទោះ​ជា​ក្នុង​រឿង​នេះ​ Cho Yi Hyun ​សម្ដែង​ត្រឹម​តែ​ជា​តួអង្គ​រង​តួ​ឯក​ប៉ុន្តែ​ថ្វី​ដៃ​សម្ដែង​របស់​កញ្ញា​បាន​ធ្វើ​ឱ្យ​ផ្ទុះ​នូវ​ការ​សរសើរ​ខ្លាំង​ពី​ក្រុម​អ្នក​និយម​ទស្សនា​រឿង​ភាគ​មួយ​នេះ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ទស្សនា​ថែម​ទាំង​ទាមទារ​ឱ្យ​តារា​ស្រី​រូប​នេះ​ត្រូវ​តែ​មាន​វត្តមាន​ក្នុង​វគ្គ​ថ្មី​។​​​​​​

All of Us Are Dead Credit: Netflix

តារា​សម្ដែង​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​ចាប់​ផ្ដើម​ប្រឡូក​ចូលក្នុង​សិល្បៈ​កាល​ពី​ឆ្នាំ​២០១៧​ តាម​រយៈ​ការ​សម្ដែង​ភាពយន្ត​ភាគ​ «Sweet Revenge» ក្រោយ​ពី​រឿង​នេះ​កញ្ញា​បាន​បង្ហាញ​វត្តមាន​សម្ដែង​រឿង​ជា​ច្រើន​ទៀត​ដូច​ជា​ «Bad Papa» «Hospital Playlist 1&2» និង​រឿង​ «School 2021» ជា​ដើម​៕

Telegram-Troryorng
Share.