តាមការចេញផ្សាយរបស់ TMZ នៅថ្ងៃ២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក Simon Cowell ដែលជាគណៈកម្មការកម្មវិធីប្រកួតសមត្ថភាពលំដាប់ពិភពលោក America’s Got Talent បានជួបគ្រោះថ្នាក់អំឡុងពេលជិះកង់អេឡិចត្រូនិច e-bike កាលពីសប្ដាហ៍មុននៅទីក្រុងឡុងដ៍។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម ក្រោយកើតហេតុ ហើយគ្រូពេទ្យបានបញ្ជាក់ថា លោកបាក់ដៃខាងឆ្វេង និងមានរបួសមុខធ្ងន់ធ្ងរ។

តាមការអះអាងរបស់ប្រភពខាងលើ បានឱ្យដឹងទៀតថា នៅអំឡុងពេលជិះកង់ លោក Simon Cowell មិនបានពាក់មួកការពារជាប់នឹងក្បាលឡើយ។ លោកបានព្យាយាមទប់ក្បាលកង់ នៅពេលជិះដល់ចំនុចផ្លូវសើម។ តែជាអកុសល ផ្ទៃផ្លូវមានសភាពរអិលពេក ទើបធ្វើឱ្យលោកពិបាកទប់ល្បឿនកង់ រហូតធ្វើឱ្យជ្រុលក្រឡាច់ដួលនឹងដីតែម្ដង។

យ៉ាងណាមិញ នេះជាលើកទី២ហើយ ដែលលោក Simon Cowell ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ និងទទួលការវះកាត់ជាបន្ទាន់ បន្ទាប់ពីជួបគ្រោះថ្នាក់ បង្ក​មកពីការធ្លាក់ពីលើកង់អេឡិចត្រូនិច កាលពីអំឡុងខែសីហា ឆ្នាំ២០២០។ កាលនោះ លោកបានស៊ូទ្រាំអស់រយៈពេល៦ម៉ោង ក្នុងការវះកាត់ឆ្អឹងខ្នងរបស់លោក។

លោក Simon Cowell ក្រៅពីធ្វើជាគណៈកម្មការក្នុងកម្មវិធី «America’s Got Telent» លោកក៏ធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើនដូចជា​ កម្មវិធី «Britain’s Got Talent», កម្មវិធី «The X Factor» និងកម្មវិធី​ «American Idol» ជាដើម៕

Telegram-Troryorng
Share.