បាត់ដំបង៖ បុរសចំណាស់ម្នាក់ផឹកស្រាស្រវឹងរករឿងឈ្លោះជាមួយប្រពន្ធ ហើយ ជ្រុលដៃទាញពូថៅវាយក្បាលប្រពន្ធ បណ្តាលឲ្យដួលសន្លប់ ចុងក្រោយត្រូវនគរបាលស្រុកថ្មគោលឃាត់ខ្លួនចាត់ការតាមនីតិវិធី។

 ហេតុការណ៍ហិង្សានេះបានកើតឡើងនៅវេលាម៉ោងជិត ៩យប់ ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅត្រង់ចំណុចក្រុមទី ១២ ស្ថិតក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ជនបង្កមានឈ្មោះហ៊ុន ត្រឹម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ ពេលមកដល់ផ្ទះជនបង្កជាប្តីបានរក រឿងឈ្លោះជាមួយប្រពន្ធ រហូតទាញយកពូថៅវាយ ប្រពន្ធឈ្មោះប៉ាក យ៉ែន អាយុ ៥៣ឆ្នាំ បណ្តាលឲ្យរងរបួសត្រង់ក្បាលផ្នែកខាងក្រោយ ហើយដួលសន្លប់នៅនឹងកន្លែងកើតហេតុ រួចត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក។

ក្រោយវាយទៅលើប្រពន្ធរបស់ខ្លួនរួចមក ជនសង្ស័យត្រូវកម្លាំងផ្នែកនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង ឃាត់ខ្លួន និងបន្តចាត់ការតាមនីតិវិធី៕

Telegram-Troryorng
Share.