នៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២២ រដ្ឋាភិបាលប្រទេសដាណឺម៉ាកបានលុបចោលការរឹតបន្តឹងវិធានការទប់ស្កាត់វីរុសកូវីដ១៩ ទាំងអស់នៅក្នុងប្រទេស ដោយមេរោគនេះលែងត្រូវបានចាត់ទុកថា ជាជំងឺធ្ងន់ធ្ងរក្នុងសង្គម។ ដំបូងឡើយប្រទេសដាណឺម៉ាកបានដកការរឹតបន្តឹងទាំងស្រុកនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ប៉ុន្ដែក្រោយមកបានរឹតបន្តឹងឡើងវិញ ដើម្បីការពារពីការប្រឈមនឹងការផ្ទុះរីករាលដាលនូវរលកទី៣ នៃការឆ្លងវីរុសកូវីដ១៩។

ហើយនៅខែកុម្ភៈ ឆ្នាំ២០២២នេះ អាណត្តិនៃការពាក់ម៉ាស់​ និង ការប្រើប្រាស់ កូវីដផាស់ (Covid-Pass) សម្រាប់ចូលពិសារអាហារនានា ត្រូវបានបន្ធូរបន្ថយច្រើនជាងមុន ប៉ុន្ដែនៅបន្ដអនុវត្តបំរាមបន្ដិចបន្ទួចនៅតាមព្រំដែន ចំពោះអ្នកដែលមិនចាក់វ៉ាក់សាំងដែលមកពីប្រទេសក្រៅ។

គួរដឹងថា ដាណឺម៉ាកគឺជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុប ដែលដកការរឹតបន្តឹងទាំងស្រុងទោះបីជាវីរុសបំប្លែងថ្មី Omicron កំពុងតែរាតត្បាតក្នុងប្រទេសយ៉ាងណាក្ដី ខណៈទន្និន័យរបស់ពិភពលោកបានបង្ហាញថា ប្រជាជនដាណឺម៉ាក ៨១% បានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ បានពេញលេញ។

ការបញ្ចប់វិធានការរឹតបន្តឹងនេះធ្វើឡើងនៅពេលដែលប្រទេសសហភាពអឺរ៉ុបមួយនេះ មានអ្នកឆ្លងកូវីដ១៩ ថ្មីចន្លោះពី ៤ ទៅ ៥ម៉ឺននាក់ ក្នុង១ថ្ងៃ ឬ ស្មើនឹង ១ភាគរយនៃប្រជាជនសរុបចំនួន ៥.៨លាននាក់ ប៉ុន្ដែមន្ត្រីសុខាភិបាលក្នុងប្រទេសដាណឺម៉ាកជឿថា ចំនួនអ្នកឆ្លងនឹងធ្លាក់ចុះជាលំដាប់ឆាប់ៗនេះ។

ថ្វីត្បិតតែប្រទេសនេះដកការរឹតបន្ដឹងយ៉ាងណាក៏ដោយ ក៏ប្រទេសនេះសង្កត់ធ្ងន់លើការទទួលខុសត្រូវផ្ទាល់ខ្លួនផងដែរ ហើយអាជ្ញាធរក៏កំពុងតែជំរុញឲ្យធ្វើតេស្ដរកកូវីដនៅតាមផ្ទះផងដែរ ដោយបានចេញសេចក្ដីណែនាំឲ្យអ្នកដែលវិជ្ជមានមេរោគកូវីដ១៩ ធ្វើចត្តាឡីស័កត្រឹមរយៈពេល ៤ថ្ងៃប៉ុណ្ណោះ ខណៈដែលអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានមេរោគកូវីដ១៩ លែងឲ្យធ្វើចត្តាឡីស័កទៀតហើយ៕

ប្រភព៖ CNN

Telegram-Troryorng
Share.