ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាស ឲ្យក្រុមបាតុករ អតីត បុគ្គលិកណាហ្គាវើលដ៍ទាំងអស់ ទៅធ្វើតេស្តរកវីរុសកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លង ទ្រង់ទ្រាយធំ ក្រោយរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង លើបាតុករម្នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មាន បាតុករជាស្ត្រីម្នាក់ បានទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទ អូមីក្រុង បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ដូច្នេះ ដើម្បីបញ្ចៀសការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ សូមបាតុករ ទាំងអស់ ទៅយកសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បើតាមក្រសួងសុខាភិបាល បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធាន ការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជា ធរមាន។

ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ ដោយឡែក (Isolation) ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យទទួល ខុសត្រូវ៕

Share.