សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ម្ចាស់ហាងពេជ្រ CSNJ លោក ជិន សំណាង គ្រោងនឹងអញ្ជើញម្ចាស់មកុដបវរកញ្ញាចក្រវាលឥណ្ឌា Miss Universe 2021 មកទស្សនៈកិច្ចប្រទេសកម្ពុជា បន្ទាប់ពីលោកបានចូលជួបសម្ដែងការគួរសមចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេកម្ពុជា។ ដំណឹងនេះបានធ្វើឱ្យហ្វេនជាអ្នកស្រឡាញ់វិស័យការប្រកួតបវរកញ្ញា មានក្ដីរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង។ តើគម្រោងនេះយ៉ាងណាដែរ? តើម្ចាស់មកុដ Miss Universe 2021 នឹងអញ្ជើញមកកាន់កម្ពុជានៅពេលណា?

នៅពេលទទួលដំណឹងនេះសារព័ត៌មានត្រយង បានសុំការបំភ្លឺជាពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia និងជានាយកប្រតិបត្តិក្រុមហ៊ុន CIM គឺលោក ម៉ែន និមលរ័ត្ន ដោយលោកឆ្លើយថា គម្រោងអញ្ជើញម្ចាស់មកុដបវរកញ្ញាចក្រវាលឥណ្ឌា Miss Universe 2021 មកកាន់កម្ពុជានេះគឺពិតមែន ក៏ប៉ុន្ដែនៅមិនទាន់អាចបញ្ជាក់បានពីកំណត់ថ្ងៃខែនៅឡើយទេ។ លោកថា ៖« នេះគឺជាគម្រោងរបស់បងប្រុស ជិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលគ្រោងអញ្ជើញម្ចាស់មកុដ Miss Universe 2021 មកកម្ពុជា ក្នុងគោលបំណង ៣ ដូចជា ទី១-ការថតគ្រឿងពេជ្ររបស់ហាងពេជ្រ CSNJ ទី២-ចង់ឱ្យ Miss Universe 2021 មកស្គាល់ពីប្រទេសកម្ពុជា និងទី៣-ជំនួបជាមួយបវរកញ្ញាចក្រវាលកម្ពុជាគ្រប់ជំនាន់ ដើម្បីចែកចាយបទពិសោធន៍ផ្សេងៗ ដល់បេក្ខនារីដែលត្រៀមប្រកួត Miss Universe Cambodia 2022»។



លោក ម៉ែន និមលរ័ត្ន បានបន្ដទៀតថា ប្រសិនបើការអញ្ជើញមករបស់ម្ចាស់មកុដ Miss Universe 2021មានរយៈពេលច្រើនថ្ងៃនោះ យើងគម្រោងនឹងនាំកញ្ញាទៅទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសកម្ពុជា។ លោកនិយាយទៀតថា «គឺជារឿងល្អមួយដែលម្ចាស់មកុដ Miss Universe 2021នឹងអញ្ជើញមកកម្ពុជា ព្រោះថា កន្លងមកៗនៅមិនទាន់មានម្ចាស់មកុដ Miss Universe រូបណា អញ្ជើញមកកាន់ប្រទេសកម្ពុជានៅឡើយទេ។ នៅពេលដែលម្ចាស់មកុដ Miss Universe 2021អញ្ជើញមកកម្ពុជានោះ កញ្ញានឹងថតរូបបង្ហោះប្រាប់ទៅកាន់ពិភពលោកអំពីប្រទេសយើង។ កន្លងមកម្ចាស់មកុដ Miss Universe នានា បានអញ្ជើញទៅកាន់ប្រទេសថៃ និងឥណ្ឌូនេស៊ី រួចហើយ នៅឡើយតែកម្ពុជាយើងទេ»។
មួយវិញទៀត បើតាមការបញ្ជាក់របស់លោក ជិន សំណាង បានឱ្យដឹងថា កម្ពុជាយើងនឹងអាចអញ្ជើញ Miss Universe 2021 ពីប្រទេសឥណ្ឌាបាន ១០០ភាគរយ ប៉ុន្តែមិនយូរទេអាចចន្លោះពីខែ ៤ ទៅខែ ៨ ស្របពេលដែលកម្ពុជាយើងកំពុងរៀបចំកម្មវិធីឬរកឃើញម្ចាស់មកុដ Miss Universe Cambodia 2022 ។

ទស្សនាវីដេអូនេះ៖
