កំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង និងតូបអ្នកលក់ដូរចំនួន១៦តូប ក្លាយជាចំណីអគ្គិ ផ្តើមចេញពីទុស្សេឆ្លងចរន្តភ្លើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅខាងលិចជាផ្សារស្ពឺ ក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេឆ្លងចរន្តភ្លើង ឆាបឆេះផ្ទះ មួយខ្នង ប្រក់ក្បឿង ទំហំ៧ម៉ែត្រx១០ម៉ែត្រ ថ្មក្រោម មានម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ៧០ឆ្នាំ ហើយភ្លើងបន្តឆេះរាលដល់តូបអ្នកលក់ដូរ នៅជាប់នោះបន្តទៀត សរុបអស់១៦តូប  ។

ក្នុងប្រតិបត្តិការខាងលើ រថយន្តពន្លត់អគ្គិភ័យចំនួន១៦គ្រឿង ចេញទៅអន្តរាគមន៍ ៖ រថយន្តពន្លត់ អគ្គិភ័យ ស្រុកចំការលើចំនួន ០៤ គ្រឿង ។ រថយន្តពន្លត់ អគ្គិភ័យ ស្រុកកំពង់សៀមចំនួន  ០២  គ្រឿង  ។ រថយន្តពន្លត់ អគ្គិភ័យ ស្រុកព្រៃឈរចំនួន  ០២  គ្រឿង  ។ រថយន្តពន្លត់ អគ្គិភ័យ ស្រុកស្ទឹងត្រង់ចំនួន  ០៣  គ្រឿង  និងរថយន្តខេត្តចំនួន  ០៥  គ្រឿង   ។

សមត្ថកិច្ចបានបាញ់ទឹកពន្លត់ភ្លើងរហូតដល់វេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ភ្លើងរលត់ទាំងស្រុង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.