ខណៈដែលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិកនឹងត្រូវរៀបចំឡើងនៅរដ្ឋធានី វ៉ាស៊ីនតោន នាពេលខាងមុខនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេននៅឆ្នាំង២០២២នេះ បានគាំទ្រពេញទំហឹង និងធ្វើការយ៉ាង ជិតស្និទជាមួយលោក ចូ បៃដិនប្រធានាធិបតី សហរដ្ឋអាមេរិក។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន នេះ បានធ្វើឡើងនៅក្នុងសារលិខិតរបស់សម្តេចឆ្លើយ ទៅនឹងលិខិតរបស់ លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងសារលិខិតរបស់លោកផ្ញើលិខិតជូនសម្តេច ហ៊ុន សែន បញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍សម្តេច ទៅចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។

«ខ្ញុំសង្ឃឹមថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អ នៅពេលទទួល បានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិក សង្ឃឹមថា ទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេច គោលដៅរួមរបស់យើងនៅក្នុងតំបន់»។នេះបើយោងតាមខ្លឹមសារលិខិតរបស់ លោក ចូ បៃដិន ផ្ញើជូនសម្តេចតេជោ។

លោក បន្ដថា អាមេរិក គាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេ ចំពោះនិម្មាបនកម្មតំបន់ ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក រំពឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជ្រាបរួចហើយតាមរយៈ ឥណ្ឌូនេស៊ី ដែលជា ប្រទេស សម្របសម្រួលទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ លោក អញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេស ជាមួយលោក នៅរដ្ឋធានី វ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត។

ក្នុងសារលិខិតឆ្លើយតបទៅនឹងលិខិតរបស់លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក, សម្តេចតេជោ បញ្ជាក់ថា «ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់ សារ ជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំ កិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។

សម្ដេចតេជោ មានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយ សម្រាប់ យើងផ្លាស់ប្តូយោបល់គ្នាថាតើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ អាស៊ាន-សហរដ្ឋអាមេរិក រីកចំរើនទៅមុខបន្ថែមទៀត។ សម្តេច ក៏បានបញ្ជាក់ថា ប្រកាសអំពីជំហរធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ចូ បៃដិន និងជួបជាមួយលោក ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ៕

Share.