ក្រុមចិន ឈ្នះ​ជើង​ឯក​លើក​ទី៩

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​ចិន បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC Women’s Asian Cup ក្រោយ​យក​ឈ្នះ​លើ​ក្រុម​កូរ៉េខាងត្បូង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ប្រទេស​ឥណ្ឌា ខណៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែរ​គឺ​ជា​ការ​ប្រកួត​​ស្វែង​រក​ក្រុម​ខ្លាំង​តំណាង​ឱ្យ​ទ្វីប​អាស៊ី ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2023 FIFA Women’s World Cup ដែល​មាន​អូស្ត្រាលី​និង​នូវែលហ្សេឡង់ ជា​សហ​ម្ចាស់​ផ្ទះ។

ក្រុម​ចិន ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​ចំនួន​៩លើក និង​​បន្ត​ជា​ក្រុម​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​ផង​ដែរ គឺ​​នៅ​ឆ្នាំ​១៩៨៦,​១៩៨៩,​១៩៩១,​១៩៩៣,​១៩៩៥,​១៩៩៧,​១៩៩៩,​២០០៦​និង​២០២២។

ងាក​មក​មើល​ក្រុម​ដែល​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​ពានរង្វាន់ 2023 FIFA Women’s World Cupតំណាង​អោយ​ទ្វីប​អាស៊ី មាន​ចំនួន​៥កៅអី​មាន​ជប៉ុន, កូរ៉េខាងត្បូង,​ចិន,​ហ្វីលីពីន និង​វៀតណាម ស្រប​ពេល​ដែល​ក្រុម​អូស្រ្តាលី មាន​ឈ្មោះ​ឡើង​ដោយ​ស្វ័យប្រវត្តិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន វិញ​ នេះ​ជា​លើក​ទី​៣​ហើយ​​ដែល​មាន​ក្រុម​នារី ក្នុង​តំបន់​ដណ្តើម​បាន​ឱកាស​ឡើង​ទៅ​​ប្រកួត​​ជើង​ឯក​ពិភពលោក តែ​សុទ្ធសឹង​ជា​ក្រុម​ថ្មី មាន​ហ្វីលីពីន និង​វៀតណាម បើ​ងាក​ទៅ​មើល​ប្រវត្តិ​២លើក​កន្លង​មក​គឺ​​មាន​តែ​ក្រុម​ថៃ ប៉ុណ្ណោះ​ដែល​ធ្លាប់​បង្ហាញ​មុខ​មុន​គេ​ទាំង​២លើក គឺ​នៅ​ឆ្នាំ​​២០១៥ និង​២០១៩ តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល។

ចំណែក​ក្រុម​ថៃ និង​តៃវ៉ាន់ មិន​ទាន់​អស់​ឱកាស​នៅ​ឡើយ​ទេ ក្នុង​ការ​ឡើង​ទៅ​ប្រកួត 2023 FIFA Women’s World Cup ដោយ​ត្រូវ​​ដឹកដៃ​តៃវ៉ាន់ ប្រកួត​វគ្គ​ជម្រុះ​ឆ្លងទ្វីប​ Inter-confederation play-offs ជាមួយ​ក្រុម​មក​ពី​ទ្វីប​នានា ទៀត​សិន។

ត្រឡប់​មក​មើល​លទ្ធផល​ម្ចាស់​ជ័យលាភី​ក្នុង​ពានរង្វាន់ 2022 AFC Women’s Asian Cup គឺ៖
-ម្ចាស់​ជើង​ឯក៖ ចិន
-ជើង​ឯករង៖ កូរ៉េខាងត្បូង
-ម្ចាស់​ស្បែកជើងមាស៖ San Kerr (អូស្ត្រាលី) រក​បាន​៧គ្រាប់​ច្រើន​ជាង​គេ
-កីឡា​ការិនី​ល្អ​ជាង​គេ៖ Wang Shanshan (ចិន)
-អ្នកចាំទី​ល្អ​ជាង​គេ៖ Zhu Yu (ចិន)
-ក្រុម Fair Play៖ កូរ៉េខាងត្បូង

https://www.youtube.com/watch?v=e_6RrfgGgjU

ចំណែក​ឯ​​ក្រុម​ដែល​មាន​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2023 FIFA Women’s World Cup ទាំង​៣២​ក្រុម​មាន៖
-ទ្វីប​អាស៊ី​ជ្រើសចេញ​ពី​ពាន 2022 AFC Women’s Asian Cup ចំនួន៥ក្រុម (បូក​ម្ចាស់​ផ្ទះ១ក្រុម)
-ទ្វីប​អាហ្វ្រិក ជ្រើស​ចេញ​ពី​ពាន 2022 Africa Women Cup of Nations ចំនួន​៤ក្រុម
-ទ្វីប​​អាមេរិក​ខាង​ជើង ជ្រើស​ចេញ​ពី​ពាន 2022 CONCACAF W Championship ចំនួន​៤ក្រុម
-ទ្វីប​អាមេរិក​ខាង​ត្បូង ជ្រសចេញ​ពី​ពាន 2022 Copa América Femenina ចំនួន​៣ក្រុម
-ទ្វីបអូសេអានី ជ្រើសចេញ​ពី​ពាន 2022 OFC Women’s Nations Cup មាន១ក្រុម (ម្ចាស់​ផ្ទះ​នូវែលហ្សេឡង់)
-ទ្វីប​អឺរ៉ុប ជ្រើស​ចេញ​ពី​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប 2023 FIFA Women’s World Cup qualification មាន​១១​ក្រុម
-វគ្គ​ជម្រុះ​ឆ្លងទ្វីប​ Inter-confederation play-offs មាន​ចំនួន​៣ក្រុម

Telegram-Troryorng
Share.