យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath ដែលដកស្រង់ចេញពីសារព័ត៌មាន ABC News បានចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញក្ដីកង្វល់ជាខ្លាំង បន្ទាប់ពីបានរកឃើញមេរោគ Omicron បំប្លែងខ្លួនថ្មីនៅក្នុងសត្វក្តាន់ព្រៃកន្ទុយ ពណ៌ស ដែលមានរស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ពីមួយថ្ងៃទៅមួយថ្ងៃមេរោគថ្មីៗ ចេះតែបំប្លែងខ្លួនទៅជាទម្រង់មេរោគផ្សេងៗទៀត ដែលគួរឱ្យភ័យខ្លាច។

ក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវពីសាកលវិទ្យាល័យ Pennsylvania ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានធ្វើតេស្តឈាម និងយកសំណាកសត្វក្តាន់ព្រៃកន្ទុយស ចំនួន ១៣១ក្បាល នៅលើកោះ Staten ។ លិទ្ធផលបានបង្ហាញថា មានសត្វក្ដាន់ ១៥ % ក្នុងចំនួនមានភាពស៊ាំប្រឆាំងនឹងវីរ៉ុសកូវីដ-១៩ ដែលមានន័យថា ពួកវាមិនឆ្លងកូវីដ-១៩។ ក្រៅពីនោះហានិភ័យខ្ពស់ នៃការឆ្លងមេរោគបំប្លែងថ្មី ដែលធ្លាប់កើតមានដូចនៅក្នុងខ្លួន សត្វកណ្ដុរ។ សហរដ្ឋអាមេរិកមានសត្វក្តាន់ជិត ៣០លានក្បាល ដែលក្នុងករណីឆ្លងមេរោគ Omicron បំប្លែងខ្លួនថ្មីនេះ អាចនឹងមានការរីករាលដាលដល់សត្វផ្សេងទៀតបានផងដែរ។ ក៏ប៉ុន្ដែនៅមិនទាន់មានភ័ស្តុងតាងណា ដែលបង្ហាញថា សត្វអាចចម្លងមេរោគថ្មីនេះមកកាន់មនុស្សវិញនៅឡើយ។

យ៉ាងណាមិញ វេជ្ជបណ្ឌិត Suresh Kuchipudi សាស្ត្រាចារ្យផ្នែកមេរោគនៅរដ្ឋ Penn State និងជាអ្នកដឹកនាំការស្រាវជ្រាវមេរោគបំប្លែងខ្លួនថ្មី បានប្រាប់សារព័ត៌មាន ABC Newsថា  នេះជាការបង្ហាញជាលើកដំបូងដែលវ៉ារ្យ៉ង់មេរោគ Omicron បានជ្រាបចូលទៅក្នុងប្រភេទសត្វព្រៃ ហើយវានឹងបន្តឆ្លងរីករាលដាលខ្លាំងឡើងៗ  គួរជារឿងព្រួយបារម្ភ។ មានការសង្ស័យមួយបានបង្ហាញថា សត្វក្តាន់បានមានទំនាក់ទំនងផ្ទាល់ជាមួយមនុស្ស ឬក្រុមមនុស្សចូលទៅជិតពួកវា ឬក៏ចិញ្ចឹមពួកវា ហើយវាចាប់ឆ្លងមេរោគនោះមកតែម្ដង។ មួយទៀតគឺ  សត្វក្តាន់បានធ្វើអន្តរកម្មជាមួយសត្វផ្សេងទៀតដូចជា ឆ្មា ដែល បាន ឆ្លងមេរោគកូវីដ១៩ ពីមនុស្ស។

បន្ថែមពីលើពីនេះ ពិភពលោកទាំងមូលមានសត្វឆ្កែ ឆ្មា ខ្លា តោ ខ្លារខិនស កណ្ដុរនិងសត្វហ្គោរីឡា ដែលបានឆ្លងមេរោគ កូវីដ១៩ ពី មនុស្ស មកដល់បច្ចុប្បន្ននៅមិនទាន់មានវ៉ាក់សាំងសម្រាប់សត្វនៅឡើយទេ៕

ប្រភព៖ Thairath & ABC News

Telegram-Troryorng
Share.