ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបក្រុមជាតិចិនមួយក្រុមឃាត់ខ្លួនបានជនសង្ស័យ៦នាក់តាមបណ្តឹងជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា នៅក្រុងបាវិត ខេត្តស្វាយរៀង។

ប្រត្តិបត្តិការណ៍បង្រ្កាបក្រុមជម្រិតទារប្រាក់ ដែលជាជនជាតិចិនខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងសណ្ឋាគារសឹងប៉ាវឡុង តាមបណ្តោយផ្លូវលេខ៣១០កែង និងផ្លូវ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមព័ត៍មានពីកម្លាំងអាវុធបានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនទាំង៦នាក់ខាងលើនេះ គឺធ្វើឡើងតាមបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នានៅក្រុងបាវិត ខេត្តស្វាយរៀង ដែលបានប្តឹងកម្លាំងអាវុធហត្ថខេត្តស្វាយរៀងថា មានក្រុមជនជាតិចិនមួយក្រុមបានចាប់ជម្រិតទារប្រាក់ដោយបានបង្ខាំងជនរងគ្រោះទុកនៅក្នុងសណ្ឋាគារសឹងប៉ាវឡុង និងក្លិបកម្សាន្ត។

ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានការបញ្ជាផ្ទាល់ពីលោកឩត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជានិងដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ និងសុំការសហការណ៍ជាមួយម្ចាស់សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកម្សាន្តដើម្បីធ្វើការឡោមព័ទ្ធ និងឆែកឆេរចំណុចសណ្ឋាគារខាងលើ ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានរំដោះជនរងគ្រោះ និងឃាត់ខ្លួនក្រុមសង្ស័យជនជាតិចិន ៦នាក់ បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍បន្តតាមនិតិវិធី៕

Share.