នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ ហៅកាត់ DDC បានប្រកាសថា ពិធីបុណ្យចូលឆ្នាំថ្មី ឬ សង្រ្កាន្ដ របស់ប្រទេសថៃ អាចនឹងត្រូវលុបចោល ១ឆ្នាំទៀត ប្រសិនបើករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃឈានដល់ ៣ម៉ឺននាក់។

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ ព្រមានថា សង្រ្កាន្ដឆ្នាំថ្មី ឆ្នាំ២០២២នេះ និងត្រូវលុបចោលម្ដងទៀត ប្រសិនបើមិនអាចគ្រប់គ្រងស្ថានការណ៍ពីការចម្លងដ៏កាចសាហាវនេះបាន ខណៈឆ្នាំ២០២០ និង ២០២១ ប្រទេសថៃបានលុបចោលពិធីបុណ្យចូលឆ្នាំថ្មីរួចទៅហើយ ដោយសារតែបារម្ភពីការឆ្លងរាលដាលមេរោគកូវីដ១៩។

មន្ត្រីសុខាភិបាលប្រទេសថៃរំពឹងថា ចំនួនឆ្លងនេះអាចនឹងកើនឡើង ហើយឈានដល់កម្រិតខ្ពស់បំផុតចាប់ពីចុងខែកុម្ភៈ ដល់ ដើមខែមីនា ជាមួយនឹងការរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។

ប្រធាននាយកដ្ឋានរោគរាតត្បាត លោក ចាក់ការ៉ាត ពីតាយ៉ាវង្សហ្កានុន (Chakkarat Pittayawonganont) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថៃថា ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា ករណីឆ្លងនឹងកើនឡើងដល់ ៣ម៉ឺនករណីជារៀងរាល់ថ្ងៃ ហើយវាមិនច្បាស់ថា ករណីឆ្លងនិងស្ថិតនៅក្នុងកម្រិតបែបនេះ រយៈពេលយូរប៉ុណ្ណានោះទេ។ លោកប្រធាននាយកដ្ឋានរោគរាតត្បាត បានជំរុញឲ្យប្រជាជន ជាពិសេសអ្នកដែលស្ថិតក្នុងក្រុមហានិភ័យ ទៅចាក់វ៉ាក់សាំងដូសជំរុញស្របតាមការប្រកាសរបស់ក្រសួងសុខាភិបាល និងចៀសវាងការជួបជុំជាក្រុម។ លោកក៏បានសំណូមពរកុំឲ្យមានការភ័យស្លន់ស្លោ ព្រោះករណីភាគច្រើនគឺមិនធ្ងន់ធ្ងរ ប្រសិនបើមានរោគសញ្ញាស្រាល និងចាក់វ៉ាក់សាំងបានគ្រប់ដូស អាចព្យាបាលឆាប់ជាសះស្បើយ រហូតដល់គ្មានរោគសញ្ញា។

លោកបន្ថែមថា បណ្ដាប្រទេសក្នុងទ្វីបអាស៊ី រួមទាំងប្រទេសថៃឥលូវនេះកំពុងស្ថិតនៅក្នុងទិសដៅកើនឡើង ខណៈប្រទេសនៅតំបន់អឺរ៉ុប និង ផ្នែកផ្សេងទៀតនៃពិភពលោកកំពុងមាននិន្នាការធ្លាក់ចុះវិញ។ ចំណែកករណីឆ្លងនៅប្រទេសថៃកើនឡើងនេះ ព្រោះអាជីវកម្មនានាក្នុងប្រទេសកំពុងតែបើកឡើងវិញ ខណៈក្លិប រង្គសាល នៅតែបន្ដបិទនៅឡើយ៕

ប្រភព៖ Khaosod & Thaiger

Telegram-Troryorng
Share.