ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិភពលោករបស់យើង គឺកំពុងតភ្ជាប់គ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដូច្នេះហើយយើងត្រូវការធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលការឆ្លើយតបជាសកលចំពោះបញ្ហាសកលដែលកំពុងកើតឡើងនេះ។ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរ នៅក្នុងបញ្ហាពិភពលោកដ៏តានតឹង និងស្មុគស្មាញ ដែលត្រូវការដំណោះស្រាយ។

កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» គឺជាកិច្ចប្រជុំដ៏មានសារសំខាន់ ដើម្បីជជែកពិភាក្សា និងចែករំលែកទស្សនៈនានា ឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះឧបទ្វីបកូរ៉េ។ កិច្ចប្រជុំស្វែងរកដំណោះស្រាយលើជម្លោះឧបទ្វីបកូរ៉េនេះ មានមេដឹកនាំ និងអតីតមេដឹកនាំប្រទេស ព្រមទាំងមេដឹកនាំអង្គការពាក់ព័ន្ធមកពីប្រមាណ ១៥៧ប្រទេស៕

Share.