(ចក្រពអង់គ្លេស)៖​ មន្រ្តីសុខាភិបាលចក្រភពអង់គ្លេសកំពុងតែតាមដានវីរុសកូនកាត់ថ្មីមួយទៀតដែលបំប្លែងចេញពីប្រភេទ វីរុស អូមីក្រុង (Omicron)​ និង វីរុស ដែលតា (Delta)។

របាយការណ៍មន្រី្តសុខាភិបាលបានប្រកាសជាផ្លូវការកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនថា វីរុសកូនកាត់នេះអាចវិវត្តនៅក្នុងខ្លួនអ្នកជំងឺដែលឆ្លងវីរុសបំប្លែងថ្មីទាំង២នេះក្នុងពេលតែ១ ដោយគេហៅវីរុសកូនកាត់នេះថា ដែលតាក្រុង (Deltacron) ដែលធ្វើឲ្យវាមានសមត្ថភាពឆ្លងកាន់តែខ្លាំងជាងកូវីដទម្រង់ដើម។ ប៉ុន្ដែអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេសមិនទាន់ប្រាកដទេថា មេរោគនេះត្រូវបាននាំចូលពីក្រៅប្រទេស ឬក៏មានប្រភពនៅក្នុងប្រទេសស្រាប់។

ទោះជាយ៉ាងណា គេមិនទាន់ដឹងទេថា មេរោគដែលទើបនឹងវិវត្តថ្មីនេះអាចចម្លងខ្លាំង ឬ ធ្ងន់ធ្ងរកម្រិតណានោះទេ ខណៈដែលអ្នកវិទ្យាសាស្រ្ត ក៏មិនទាន់ប្រាកដថា​ មេរោគកូនកាត់នេះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពវ៉ាក់សាំងដែរ ឬអត់ ដោយករណីដែលត្រូវបានរាយការណ៍ដំបូងគឺស្ថិតនៅកម្រិតទាបនៅឡើយ​។ ករណីឆ្លងមេរោគកូវីដនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ ២៩% ក្នុងសប្ដាហ៍មុន ហើយធ្លាក់ចុះ ៧៦% ចាប់ពីតាំងពីការឆ្លងស្ថិតនៅកម្រិតខ្ពស់បំផុតនាដើមឆ្នាំ២០២២នេះ។

ប្រធានផ្នែកវេជ្ជសាស្រ្តចក្រភពអង់គ្លេសប្រចាំនៅក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានព្រមានអំពីការឆ្លងរាលដាលវីរុសកូនកាត់ Deltacron ខណៈដែលវីរុសបំប្លែងថ្មីប្រភេទ Omicron កំពុងតែវាយលុកទូទាំងពិភពលោក បន្ទាប់ពីវីរុសបំប្លែងចេញពីមេរោគកូវីដ១៩ ផ្សេងៗជាច្រើនប្រភេទទៀត៕

ប្រភព៖ New York Post

Telegram-Troryorng
Share.