នៅលើបណ្ដាញសង្គមហ្វេសប៊ុកលោក សុខ រ៉ាស៊ី បានបង្ហោះពីស្ថានភាពចុងក្រោយរបស់តារា​សម្ដែង​និង​តារា​កំប្លែង​ លោក​ អៀង ចេនឡា ​ដែលខណៈនេះ​អាការគាត់​​កំពុង​​ធ្លាក់​ក្នុង​សភាព​មួយ​កាន់​តែ​ធ្ងន់ធ្ងរ​ រហូត​ដល់​វង្វេង​បាត់បង់​ការ​ចងចាំ​។ ក្រោយការបង្ហោះនេះ បានធ្វើឱ្យ​មហាជនអ្នកគាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះលោក​ អៀង ចេនឡា។ បន្ទាប់ពីបានទទួលដំណឹងនៅព្រឹកនេះ អ្នកសារព័ត៌មានត្រយងបានសម្ភាសលោក សុខ រ៉ាស៊ី បន្ថែម ដើម្បីបញ្ជាក់ឱ្យមហាជនបានដឹងកាន់តែច្បាស់ពីស្ថានភាពរបស់លោក អៀង ចេនឡា ។

សូមចុចអាន៖ ស្ថានភាព​ជំងឺ​ចុង​ក្រោយ​របស់​លោក​​ អៀង ចេនឡា​ ធ្ងន់ធ្ងរ​ខ្លាំង​​រហូត​នឹក​ស្មាន​មិន​ដល់​…!

លោក សុខ រ៉ាស៊ី

តាមការបញ្ជាក់របស់លោក សុខ រ៉ាស៊ី ជាប្អូនប្រុសរបស់លោក អៀង ចេនឡា បានអះអាងប្រាប់អ្នកសារព័ត៌មានត្រយងថា បងប្រុសរបស់លោកដំបូងឡើយមានជំងឺរលាកសួត ហើយជំងឺនេះបានធ្វើទុករុករានរាងកាយរបស់បងប្រុសលោករហូតដល់ថ្នាក់ធ្លាក់ខ្លួនស្គមស្គាំងតែម្ដង។ រហូតដល់ចូលដើមឆ្នាំ២០២២នេះ បងប្រុសរបស់លោកចេះតែមានអាការឈឺក្បាលប្រកាំងខ្លាំងនិងបានត្បូញប្រាប់ពីអាការដល់សមាជិកគ្រួសារបានដឹងផងដែរ។ អស់រយៈពេលមួយខែហើយដែលបងប្រុសលោកឈឺក្បាលមិនបាត់ទាល់តែសោះ បើទោះបីជាលេបថ្នាំព្យាបាលហើយក៏ដោយ។ លោកបន្តថា លោកនិងគ្រួសារបាននាំបងប្រុសទៅមន្ទីរពេទ្យនិងថតផ្នែកក្បាលមើលដើម្បីឱ្យច្បាស់ចិត្ត តែជាលិទ្ធផលគ្រូពេទ្យបញ្ជាក់លោកថា បងប្រុសរបស់លោកមានជំងឺរលាកស្រោមខួរក្បាល។

យ៉ាងណាមិញ លោក សុខ រ៉ាស៊ី បានបញ្ជាក់ប្រាប់ទៀតថា ក្រុមគ្រួសារបាននាំលោក អៀង ចេនឡា ទៅព្យាបាលនៅមន្ទីរពេទ្យ៣កន្លែងហើយរួមមាន មន្ទីរពេទ្យជោរ៉ៃ មន្ទីពេទ្យបាយ័ន និងចុងក្រោយនេះគឺមន្ទីរពេទ្យកាល់ម៉ែត្រ ក៏ប៉ុន្ដែគ្រូពេទ្យបានប្រាប់ថា ស្ថានភាពរបស់លោក អៀង ចេនឡា គឺដល់ដំណាក់កាលចុងក្រោយហើយ និងមិនមានសង្ឃឹមក្នុងការព្យាបាលបន្តទេ។ លោក រ៉ាស៊ី បានបន្ដថា ដោយសារតែនៅពេលនេះស្ថានភាពនៃជំងឺកូវីដ១៩នៅមិនទាន់បានធូរស្រាលនៅឡើយទេ ទើបជាហេតុឱ្យលោកនិងគ្រួសារមិនអាចសម្រេចចិត្តបញ្ចូនបងប្រុសទៅព្យាបាលនៅប្រទេសក្រៅបាន។

ខណៈដែលលោក អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ដល់ថ្នាក់មានអាការរវើយរាយបែបនេះ លោក សុខ រ៉ាស៊ី បានប្រាប់ថា មានមហាជនជាច្រើននាក់ សិល្បករ និងសមាគមសិល្បករខ្មែរ មានទឹកចិត្តសប្បុរសក្នុងការសួរនាំពីសុខទុក្ខ និងជួយរំលែកដល់ការព្យាបាលរបស់បងប្រុសលោកផងដែរ។ លោក សុខ រ៉ាស៊ី ថា បងប្រុសរបស់លោកគឺនៅមិនទាន់មានគ្រួសារនៅឡើយទេ ពោលគឺមានតែខ្លួនមួយតែប៉ុណ្ណោះ ហើយក្នុងដំណាក់កាលបែបនេះ គឺមានតែការបន់ស្រន់បួងសួងដល់វត្ថុស័ក្ដសិទ្ធទាំងឡាយ ឱ្យជួយស្រោចស្រង់ដល់ជំងឺរបស់បងប្រុសលោកឱ្យបានឆាប់ជាសះស្បើយតែប៉ុណ្ណោះ៕

Telegram-Troryorng

Share.