សហព័ន្ធ​កីឡា​បាល់ទាត់​ម៉ាឡេស៊ី បាន​ប្រកាស​សមាសភាគ​គ្រូ​បង្វឹក​ថ្មី​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ខ្លួន ជា​អតីត​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ព្រហស្បត្តិ៍ សប្ដាហ៍​នេះ ក្រោយ​ចែក​ផ្លូវ​ជាមួយ​លោកTan Cheng Hoe ក្រោយ​ចប់​ព្រឹត្តិការណ៍​ AFF Suzuki Cup 2020 កន្លង​ទៅ។

លោក Kim Pan-gon វ័យ​៥២​ឆ្នាំ ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ខណៈ​លោក​ធ្លាប់​មាន​បទពិសោធន៍​ការងារ​ជា​ច្រើន​នៅ​អាស៊ី​ខាង​កើត ដោយ​​ធ្លាប់​ដឹកនាំ​ក្រុម​កោះ​ហុងកុង​ផង និង​ក្លិប​មួយ​ចំនួន​នៅ​ស្រុក​កំណើត​និង​នៅ​ហុងកុង ផង​ដែរ។ ចុងក្រោយ​ចន្លោះ​ឆ្នាំ​២០១៧ ដល់​២០២១ លោក​ជាប់​ឈ្មោះ​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​​កូរ៉េខាងត្បូង។

លោក Kim Pan-gon បាន​លើក​ឡើង​ក្រោយ​ចាប់​ការងារ​​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ថា៖«មនុស្ស​ជាង​៣២លាន​​នាក់ កំពុង​តែ​ផ្តោត​អារម្មណ៍​មក​លើ​យើង។ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ឱ្យ​ពួក​គេ​រីករាយ និង​មាន​មោទនភាព។ ខ្ញុំ​នឹង​ប្រយុទ្ធ​ក្នុង​នាម​ជា​ម៉ាឡេស៊ី។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​នាំ​ម៉ាឡេស៊ី ឡើង​ទៅ​កាន់​កម្រិត​ខ្ពស់​មួយ​ទៀត»។

ក្រោយ​ចូល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី លោក Kim រៀបចំ​ផែនការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ខែ​មីនា ខាង​មុខ ដោយ​ត្រូវ​ជួប​ហ្វីលីពីន នៅ​ថ្ងៃ​ទី២៣ មីនា ២០២២ និង​បន្ត​ជួប​សិង្ហបុរី នៅ​ថ្ងៃ​ទី​២៦ មីនា ២០២២៕

Telegram-Troryorng
Share.