ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានត្រូវបានកម្លាំងសមត្ថកិច្ច សហការណ៍ជាមួយភាគីរងគ្រោះ តាមចាប់ឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ បានសម្រេចនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ព្យាយាមជិះរត់គេច តែដោយសារម៉ូតូមានភ្ជាប់ប្រព័ន្ធGPS ជាឱកាសសម្រាប់សមត្ថកិច្ចនិងជនរងគ្រោះដេញតាមចាប់ខ្លួនបាន នៅចំណុចមណ្ឌលសុខភាពចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

ជនសង្ស័យឈ្មោះ យ៉ុង ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ហៅម៉ូយដាក់ឡាន ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិស្នាយពល ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ ឈ្មោះ មួន ចែម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែកើតហេតុ មានស្រុកកំណេីត នៅខេត្តពោធ៍សាត់ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IP-1557 ត្រូវបានដកហូតមកវិញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលយកម៉ូតូដាក់ខាងក្រោមផ្ទះ រួចឡើងទៅហូបបាយ ស្រាប់តែឮសម្លេងម៉ូតូជិះចេញ ស្រែកឆោឡោ ដោយសារតែម៉ូតូមានភ្ជាប់ប្រព័ន្ធGPS ទើបពិនិត្យមើលឃើញសញ្ញាគោលដៅ ប្តឹងទៅសមត្ថកិច្ច ជួយអន្តរាគមន៍ ទៅតាមចាប់ជនសង្ស័យដល់មណ្ឌលសុខភាពចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតបានម៉ូតូមកវិញ ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ រកឃើញឧបករណ៍កាច់សោ សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ទួលសង្កែ១ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Share.