រាជវាំង បាក់ឃីងហាម (Bucklingham) ​បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលម៉ិញថា មហាក្សត្រីយានី Elizabeth ទី២ វិជ្ជមានមេរោគកូវីដ១៩ ជាលើកទី២។

ព្រះបរមរាជវាំង បាននិយាយថា មហាក្សត្រីយានីវ័យ ៩៥ឆ្នាំរូបនេះ បានចាក់វ៉ាក់សាំងគ្រប់ដូស ហើយទើបតែប្រារព្ធខួបលើកទី ៧០ នៃការឡើងគ្រងរាជ្យសម្បត្តិ ខណៈដែលព័ត៌មានអំពីកាលបរិច្ឆេទនៃការចាក់មិនត្រូវបានបង្ហាញ ដោយលើកឡើងពីឯកជនភាពផ្នែកវេជ្ជសាស្រ្ត។

ប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសបានរាយការណ៍ថា ព្រះមហាក្សត្រីយានី កំពុងតែចេញរោគសញ្ញាស្រាលដូចជាជំងឺផ្ដាសាយ ហើយទ្រង់នឹងទទួលការយកចិត្តទុកដាក់តាមដានព្រះសុខភាព ហើយនឹងធ្វើតាមការណែនាំតាមក្បួនវេជ្ជសាស្ត្រ។ ប៉ុន្ដែទោះជាយ៉ាងណា ទ្រង់នៅតែបន្ដបំពេញព្រះរាជកិច្ចនៅឯវិមាន Windsor នៅសប្ដាហ៍ខាងមុខដដែល។

ជាមួយគ្នាដែលគ្រួសាររាជវង្សកំពុងតែមានក្ដីព្រួយបារម្ភជាថ្មី ព្រោះតែប៉ុន្មានថ្ងៃចុងក្រោយនេះសមាជិកគ្រួសារជាច្រើនបានធ្វើតេស្ដវិជ្ជមានវីរុសកូវីដ និង ត្រូវព្យាបាលជាបន្ដបន្ទាប់។

ព្រះអង្គម្ចាស់ Charles ដែលជាអ្នកស្នងរាជ្យរបស់ចក្រភពងអង់គ្លេស និងជាព្រះរាជបុត្រារបស់មហាក្សត្រីយានី Elizabeth បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ជាលើកទី២ ដែរ កាលពី ១០ថ្ងៃមុន ខណៈដែលព្រះមហេសីរបស់ទ្រង់ក៏បានបញ្ជាក់ថានាងមានផ្ទុកមេរោគនេះផងដែរ នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន CNN ៕

ប្រភព៖ CNN

Telegram-Troryorng
Share.