ការកើនឡើងនៃការឆ្លងមេរោគ និង ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាន់តែកើនឡើងក្នុងចំណោមទារកទើបតែចេះដើរ និង កុមារ ដែលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ វីរុស Omicron បានបង្កការគំរាមកំហែងខ្លាំងដល់ក្រុមកុមារតូចៗ ជាងវីរុសបំប្លែងថ្មីផ្សេងៗទៀត។

អ្នកជំនាញបាននិយាយថា កុមារដែលមានអាយុក្រោម ៥ឆ្នាំ គឺជាក្រុមដែលងាយរងគ្រោះបំផុត ដោយសារតែពួកគេនៅមិនទាន់មានសិទ្ធិទទួលបានការ​ចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ នោះទេ។ ដូច្នេះហើយ ក្រៅពីអនុវត្តតាមវិធានការសុខភាពសាធារណៈយ៉ាងតឹងរឹង អ្នកដែលមានសិទ្ធិទទួលថ្នាំបង្ការ និង អ្នកត្រូវចាក់វ៉ាក់សាំងដូសជម្រុញ គួរតែទៅទទួលការចាក់វ៉ាក់សាំងភ្លាមៗ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគនេះ។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺឆ្លងសហរដ្ឋអាមេរិក CDC បានរកឃើញថា ស្រ្តីមានផ្ទៃពោះក៏អាចចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ បានដែល ព្រោះការចាក់វ៉ាក់សាំងអំឡុងពេលមានផ្ទៃពោះអាចជួយឲ្យទារកមានសុវត្ថិភាពពីមេរោគកូវីដ១៩ផងដែរ។

កាលពីកន្លងទៅ មានកុមារតិចណាស់ដែលធ្លាក់ខ្លួនឈឺធ្ងន់ បើប្រៀបនឹងមនុស្សធំ ប៉ុន្ដែឥឡូវនេះចំនួនកុមារ និង ពិសេសកុមារដែលមានអាយុក្រោម ៥ឆ្នាំ គឺជាអត្រាឆ្លងដែលគួរឲ្យព្រួយបារម្ភ ព្រោះតែកំណើននៃការឆ្លងហាក់បីដូចជាច្រើនជាងកាលពីមុន។

គិតត្រឹមថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅទូទាំងពិភពលោកសរុបចំនួនជាង ៤២៥លាននាក់ ខណៈមនុស្សចំនួន ៥លាន៩សែន៦ពាន់៥រយ៦៤នាក់ បានស្លាប់ និង មនុស្សចំនួនជាង ៣៥០នាក់ បានព្យាបាលជាសះស្បើយពីមេរោគកូវីដ១៩៕​

ប្រភព៖ The Straits Times

Telegram-Troryorng
Share.