តារា​សម្ដែង​ល្បី​របស់​ប្រទេស​ចិន​កញ្ញា​ Fan Bingbing នឹង​បង្ហាញ​វត្តមាន​លើ​វិស័យ​សម្ដែង​ម្ដង​ទៀត​បន្ទាប់​ពី​បាត់​មុខ​រាប់​ឆ្នាំ​​ ក្នុង​ឋានៈ​ជា​តារា​កិត្តិយស​នៅ​ក្នុង​ភាពយន្ត​ភាគ​កូរ៉េ​ «Insider»។

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​​ The Fact បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២១​ ​បាន​ឱ្យ​ដឹង​ថា​តារា​សម្ដែង​ល្បី​សញ្ជាតិ​ចិនកញ្ញា​ Fan Bingbing បាន​បញ្ចប់​ការ​ថត​របស់​ខ្លួន​នៅ​ក្នុង​ភាពយន្ត​មួយ​របស់​ទូរទស្សន៍​ JTBC នា​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​។ ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ថត​និង​រូបភាព​សម្ដែង​ផ្សេងៗ​ត្រូវ​បាន​លាក់​​យ៉ាង​ជិត​ដោយ​ក្រុម​ផលិត​មិនមាន​បែក​ធ្លាយ​ចេញ​មក​ក្រៅ​ឡើយ​។

ភាពយន្ត​ «Insider» គឺ​ជា​រឿង​រ៉ាវ​ដែល​ផ្ដោត​លើ​ការ​សងសឹក​របស់​តួ​ឯក​ប្រុស​ Kang Ha Neul ។ ចំណែក​តួឯក​ស្រី​គឺ​ Lee Young Yoo តារា​សម្ដែង​ស្រី​ដែល​កើត​ឆ្នាំ​១៩៨៨។

នេះ​គឺជា​រឿង​ដំបូង​ដែល​តារា​ស្រី​រូប​នេះ​សម្ដែង​ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​គេច​ពន្ធ​កាល​ពី​ឆ្នាំ​២០១៨​។ សម្រាប់​ប្រទេស​ចិន​តារា​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​ការ​រឹត​បន្តឹង​និង​ហាម​ឃាត់​ពី​វិស័យ​សិល្បៈ​។ ជិត​៤​ឆ្នាំ​ហើយ​ដែល​តារា​រូប​នេះ​​មិនមាន​វត្តមាន​សម្ដែង​ឬ​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​ធំៗ​របស់​​ចិន​ មិន​ថា​លើ​កញ្ចក់​ទូរទស្សន៍​ឬ​មហោស្រព​នោះ​ឡើយ​។

យោង​តាម​ការ​ផ្សាយ​ពី​ ATVnews បាន​ប្រកាស​ថា​ Fan Bingbing ពិបាក​នឹង​វិល​ត្រលប់​ទៅ​ក្ដោប​តំណែង​ជា​កំពូល​តារា​សម្ដែង​វិញ​ណាស់​ ព្រោះ​កាល​ពី​ឆ្នាំ​មុន​ រដ្ឋបាល​ប្រទេស​ចិន​បាន​រឹត​បន្តឹង​ច្បាប់​ទៅ​លើ​សិល្បករ​ដែល​ប្រព្រឹត្តិ​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​ ឬ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវ។ ចំណែក​ប្រធាន​នាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​ប្រទេស​ចិនបាន​ស្នើ​សុំ​កុំ​ឱ្យ​មាន​វត្តមាន​របស់​តារា​ដូច​រៀបរាប់​ខាង​លើ​អាច​ឡើង​លើ​ទូរទស្សន៍​ ឬ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ​៕

Telegram-Troryorng
Share.