ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនមួយក្រុម ក្នុងឯកសណ្ឋានស៊ីវិល បានបើក ប្រតិបត្តិការប្រដេញតាមចាប់បុរសម្នាក់ពាក់ព័ន្ធករណីជក់គ្រឿងញៀន ផ្អើលអ្នកភូមិស្មាន តែតាមចាប់ចោរឆក់ ក៏ជួយដេញតាមចាប់ខ្លួនបាន សាកសួរទើបដឹងថាជក់គ្រឿងញៀន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យជក់គ្រឿងញៀន មានអាយុជាង២០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សងប៊ិក ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-0509 ជាមធ្យោបាយ ។

តាមប្រជាពលរដ្ឋ កម្លាំងប្រជាការពារភូមិ បានឲ្យដឹងថា មុនកើតហេតុ គេឃើញកម្លាំងស៊ីវិល មួយក្រុម ប្រដេញតាមបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ដេញតាមបណ្តើរស្រែកចោរៗបណ្តើរ កាត់តាមក្នុងភូមិ ដោយសារកម្លាំងទាំងនោះមិនស្គាល់ភូមិសាស្ត្រ ទើបដេញមិនទាន់។ ក៏ប៉ុន្តែ អ្នកភូមិ ប្រជាការពារភូមិ គ្រាន់តែឮសម្លេងថាចោរៗ គិតនឹកថាចោរឆក់ បានប្រកាសហៅ  ប្រមូលគ្នាចេញជួយតាម ស្ទាក់ ទីបំផុតចាប់ខ្លួនបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកម្នាក់ ទៀតរត់គេចខ្លួនបាត់ ។

ក្រោយពីចាប់ខ្លួនបាន សាកសួរ នៅចំពោះមុខសមត្ថកិច្ចមូលដ្ឋាន ទើបដឹងថា កម្លាំងមន្ទីរ គ្រឿងញៀនដេញតាម ជនសង្ស័យជក់គ្រឿងញៀន ។

តាមកម្លាំងស៊ីវិលមួយក្រុមនោះ អះអាងថា ពួកគាត់ជាកម្លាំងនគរបាល មន្ទីរប្រឆាំង គ្រឿងញៀន ដេញចាប់មុខសញ្ញា ពាក់ព័ន្ធគ្រឿងញៀន ។

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ក្រោយពីចាប់ខ្លួនបានម្នាក់ រួមជាមួយម៉ូតូមួយគ្រឿង ត្រូវ បាននាំខ្លួនចូលរថយន្ត បញ្ជូននាំទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Telegram-Troryorng
Share.