អាមេរិក​-​តារា​ចម្រៀង​នាង​ Nightbirde ដែល​ឈ្នះ​ប៊ូតុងមាស​ពី​លោក​ Simond Cowell ក្នុង​កម្មវិធី​ America’s Got Talent បាន​ស្លា.ប់​នៅ​ត្រឹម​វ័យ​៣១​ឆ្នាំ​ដោយ​សារ​ជំងឺ​មហារីក​។

កាល​ពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ​ ឆ្នាំ​២០២២ ពិធីករ​ Terry Crews បាន​និយាយ​ថា​ «ពួក​យើង​ពិត​ជា​មាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដែល​បាន​ដឹង​ដំណឹង​នេះ​។ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​សព​»

ចំណែក​គណៈកម្មការ​មួយ​រូប​នៃ​កម្មវិធី​ AGT Howie Mandelក៏​បាន​ចេញ​មក​និយាយ​ដែរ​ថា​រូប​ខ្លួន​ពិត​ជា​មាន​សំណាង​ដែល​បាន​ស្គាល់​និង​ធ្វើ​ការ​ជាមួយ​នឹង​ Nightbirde មួយ​រយៈ​ពេល​ខ្លី។ «យើង​នឹង​បន្ត​រស់​ហើយ​រៀនសូត្រ​ពី​បទ​ចម្រៀង​របស់​អ្នក​»​។ នេះ​គឺជា​អ្វី​ដែល​តារា​កំប្លែង​រូប​នេះ​បាន​សរសេរ​ឡើង​នៅ​លើ​ផេក​របស់​លោក​។​​​

កញ្ញា​ Jane Marczewski ជា​អ្នក​រដ្ឋ​ Ohio បាន​ចូល​ប្រកួត​ AGT កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២១​ ដោយ​លើក​យក​បទ​ចម្រៀង​ផ្ទាល់​ខ្លួន (original song) មាន​ចំណង​ជើង​ «It’s OK» ដែល​អត្ថន័យ​សាច់រឿង​និយាយ​ពី​ការ​ព្យាបាល​ជំងឺ​មហារីក​របស់​ខ្លួន​មួយ​រយៈ​កន្លង​មក​។​

ងាក​មក​ផលិតករ​ល្បី​លោក​ Simon Cowell ធ្លាប់​បាន​លើក​សរសើរ​ពី​សំឡេង​របស់​ Nightbirde ហើយ​ថែម​ទាំង​ចុច​ ប៊ូតុង​មាស​ឱ្យ​នាង​​ឆ្លង​ទៅ​ដល់​វគ្គ​ Finalថែម​ទៀត​ផង​។ ការ​សម្ដែង​របស់​នាង​មិន​ត្រឹម​តែ​មាន​ការ​ទទួល​ស្គាល់​ពី​គណៈកម្មការ​នោះ​ទេ​ សូម្បី​តែ​នៅ​លើ​បណ្ដាញ​ Social Media ពិសេស​ Youtube មាន​ចំនួន​ទស្សនា​រហូត​៣៩​លាន​ដង​។ យ៉ាង​ណា​មិញ​បេក្ខនារី​រូប​នេះ​បាន​ដាច់​ចិត្ត​ដក​ខ្លួន​ពី​ការ​ប្រកួត​ដោយ​សារ​ជំងឺ​មហារីក​ធ្វើ​ទុក្ខ​ខ្លាំង។

កម្មវិធី​ America’s Got Talent គឺ​ជា​កម្មវិធី​ផ្សាយ​លើ​ទូរទស្សន៍​ NBC មាន​គណៈកម្មការ​៤​រូប​ជា​កាត់​សេចក្ដី​មាន​ Howie Mandel, Heidi Klum, Sofia Vergara និង​ Simon Cowell។ កម្មវិធី​នេះ​មាន​តារា​កំប្លែង​ Terry Crews ដើរ​តួនាទី​ជា​ពិធីករ​​៕​

Telegram-Troryorng
Share.