កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញរូបភាពរបស់តារាសម្ដែងហូលីវូដ អ្នកនាង អែនជេលីណា ចូលី ( Angelina Jolie ) លេចវត្តមាននៅក្នុងបរិវេណប្រាសាទអង្គរវត្ត ជាមួយនឹងក្រុមការងារ ក្នុងនោះក៏មានលោកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» រួមដំណើរជាមួយគ្នា។ តែមហាជននៅមិនទាន់បានជ្រាបពីគោលបំណងតារាហូលីវូដរូបនេះ ក្នុងគោលបំណងអ្វី មកកាន់កម្ពុជានៅក្នុងគ្រានេះនោះទេ។

សារព័ត៌មានត្រយងបានទទួលដំណឹងមកថា អ្នកនាង អែនជេលីណា ចូលី និងកូនស្រី ស៊ីឡូហ៍ (Shiloh ) ធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី«Women for Bees» ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី«Women for Bees»មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយភាពយូរអង្វែងនិងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ កន្លងមកអ្នកនាងធ្លាប់អះអាងថា នៅឆ្នាំ២០២៥ ខាង​ក្រុម​ការងារ​របស់​អភិរក្ស​សត្វឃ្មុំរបស់អ្នកនាង មានគោលដៅសង់សំបុកឃ្មុំឱ្យចំនួន ២៥០០សំបុក និង​ចិញ្ចឹម​ឃ្មុំឱ្យ​បាន​ចំនួន ១២៥ លាន​ក្បាល។ ខណៈ​ពេល​នេះ មាន​អ្នក​កំពុង​បណ្ដុះបណ្ដាល និង​គាំទ្រ​ដល់​អ្នក​ចិញ្ចឹម​ឃ្មុំ​ចំនួន ៥០នាក់រួចហើយ។

អ្នកនាង អែនជេលីណា ចូលី គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ អេនជេលីណា ចូលី បានបង្កើតកម្មវិធីអភិវឌ្ឍន៍ឈ្មោះម៉ាដុក្សចូលីភីត MJP ក្នុងឆ្នាំ២០០៣ ដែលមកដល់ថ្ងៃនេះបានក្លាយជា មូលនិធិម៉ាដក្សចូលីភីត Maddox Jolie-Pitt Foundation (MJP) បន្ទាប់ពីអ្នកនាង បានមកធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជា លើកដំបូងក្នុងឆ្នាំ២០០០ នៅពេលដែលអ្នកនាងផលិតខ្សែភាពយន្តរឿង Tomb Raider។ អ្នកនាងនឹងកូនស្រី ក៏បានស្លៀកសម្លៀកបំពាក់មូលនិធិម៉ាដក្សចូលីភីត(MJP) ក្នុងការបង្ហាញវត្តមានក្នុងកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី«Women for Bees» និងទស្សនកិច្ចនៅតំបន់អង្គរថែមទៀតផងដែរ។

យ៉ាងណាមិញ វត្តមានរបស់អ្នកនាង អែនជេលីណា ចូលី នៅប្រាសាទអង្គរវត្តក៏បានជួយផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានអង្គរទៅកាន់ពិភពលោកថែមមួយកម្រិតទៀតផងដែរ ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ៕

ទស្សនាវីដេអូ BigNews៖

Telegram-Troryorng
Share.