នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ នេះ​ ក្រសួង​ទេសចរណ៍​បាន​ផ្សព្វផ្សាយ​ដំណឹង​​ទាក់​ទង​នឹង​វត្តមាន​របស់​កំពូល​តារា​សម្ដែង​ហូលីវីដ​ លោក​ស្រី​ Angelina Jolie ថា​​បាន​ជួយ​ផ្សព្វផ្សាយ​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​កាន់​ពិភពលោកនិង​បង្ហាញ​​ថា​ កម្ពុជា ​ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។

សូមចុច​អាន​ គោលបំណងលោក​ស្រី​ Angelina Jolie និងកូនស្រី មកកម្ពុជាលើកនេះ ព្រោះប្រញាប់ធ្វើរឿងនេះ…

កាល​ពី​ថ្ងៃ​ទី​២០​និង​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០២២​ លោក​ស្រី​ Angelina Jolie បាន​មក​បំពេញ​បេសកកម្ម​ការងារ​នៅ​រមណីយដ្ឋាន​អង្គរ​ និង​ចូលរួម​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​កម្មវិធី​ ចិញ្ចឹម​ឃ្មុំ​សម្រាប់​ស្ត្រី​ (Women for Bees) ​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​​នឹង​អង្គការ​យូណេស្កូ​ ដោយ​មាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរជាតិ​អប្សរា​។ ក្រៅ​ពី​វត្តមាន​របស់​កំពូល​តារា​សម្ដែង​កម្រិត​អន្តរជាតិ​រូប​នេះ​នៅ​ទឹក​ដី​អង្គរ​​ក៏​​ឃើញ​មាន​​​ កូន​ស្រី​បង្កើត​​​លោកស្រី​​គឺ​​ Shilo Jolie Pitt វ័យ​ ១៥​ឆ្នាំ​មក​ជាមួយ​​គ្នា​ដែរ​។​

នៅ​ក្នុង​ដំណឹង​ដែល​ផ្សាយ​ដោយ​ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​នោះ​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​៖ «កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។»

ក្រសួង​បាន​គូស​បញ្ជាក់​ថា​ការ​បង្ហាញ​វត្តមាន​​​របស់​លោក​ស្រី​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ ក៏​បាន​ជួយ​ផ្សព្វផ្សាយ តំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ​ដែល​សកម្មភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕ ​

ប្រភព៖ ក្រសួងវប្បធម៌ ​និងវិចិត្រ​សិល្បៈ​

ទស្សនាវីដេអូ Big News ៖

Telegram-Troryorng
Share.