កាល​ពី​ពេល​ថ្មីៗនេះ​ សាធារណជន​ ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​សារ​តែ​ឃើញ​វត្តមាន​របស់​តារា​ហូលីវូដ​​លោក​ស្រី​ Angelina Jolie បង្ហាញ​វត្តមាន​នៅ​ទឹក​ដី​សៀម​រាប។ ឈាន​​ចូល​ដល់​ថ្ងៃ​ទី​២៣​ ម្សិលមិញ​នេះ​ មហាជន​ខ្មែរ​ពិសេស​អ្នក​ក្រុង​ភ្នំពេញ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត​​ ​ព្រោះ​លេច​វត្តមាន​លោក​ស្រី​នៅ​ផ្សារ​ទួល​ទំពូង​ ដើរ​មើល​និង​ទិញ​​វត្ថុ​អនុស្សាវរីយ៍​។

សូម​ចុច​អាន​ វត្តមាន​​ Angelina Jolie ជា​សារ​​សំខាន់​មួយ​​​បញ្ជាក់​ថា​កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព!

ការ​ពិត​ទៅ​ ​កំពូល​តារា​ភាពយន្ត​ជួរ​មុខ​របស់​ហូលីវូដ​រូប​នេះ​បាន​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​អង្គរ​ដើម្បី​ចូលរួម​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ កម្មវិធី​ចិញ្ចឹម​ឃ្មុំ​សម្រាប់​ស្ត្រី​ ( Women For Bees) ក្រោម​កិច្ច​សហការ​ជាមួយ​នឹង​អង្គ​ការ​យូណេស្កូ​​និង​ សម្របសម្រួល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ កម្មវិធី​ចិញ្ចឹម​ឃ្មុំ​នេះ​មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ តាម​រយៈ​កម្មវិធី​ចិញ្ចឹម​ឃ្មុំ​សម្រាប់​ស្ត្រី​នេះ​ គេ​រំពឹង​ថា​នឹង​ជួយ​លើក​កម្ពស់​ស្ត្រី​ជា​ច្រើន​រូប​​ឱ្យ​មាន​ ​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​។

មិន​ត្រឹម​តែ​មាន​វត្តមាន​តែ​ក្នុង​ទឹក​ដី​អច្ឆរិយៈ​ប៉ុណ្ណោះ​ទេ​ ព្រោះ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ ស្រាប់​តែ​លេច​វត្តមាន​កំពូល​តារា​ស្រី​រូប​នេះ​ នៅ​​រាជធានី​ភ្នំពេញ​កណ្ដាល​បេះដូង​នៃ​ប្រទេស​កម្ពុជា​ ដោយ​គេ​ឃើញ​អ្នក​ម្ដាយ​កូន​៦​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​ទួល​ទំពូង​ ដើរ​រក​មើល​ទិញ​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ​

ដោយឡែកកាលពីថ្ងៃទី ២៣​ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ កំពូលតារាស្រី Angelina Jolie បានធ្វើឲ្យអ្នកនៅរាជធានីភ្នំពេញ ជាពិសេសគឺអាជីវករ នៅផ្សារទួលទំពួង មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកំពូលតារាស្រីដ៏ល្បីល្បាញរូបនេះ បានបង្ហាញវត្តមានដើរ​កម្សាន្ត​ ​​និង​ទិញវត្ថុអនុស្សាវរីយ៍​នៅ​ក្នុង​ផ្សារ​ទួល​ទំពូង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការ​មន​ ក្នុង​ពេល​ជាមួយ​គ្នានោះ​ដែរ​ ​ក៏​មាន​បងប្អូន​អាជីវករ អ្នក​ដើរ​ផ្សារ​បាន​សុំ​ថត​រូប​ជាមួយ​នឹង​លោក​ស្រី​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​៕

ទស្សនា​រូប​ភាព​ដើរ​កម្សាន្ត​របស់​លោក​ស្រី​ Angelina Jolie នៅ​ផ្សារ​ទួល​ទំពូង​ខាង​ក្រោម​នេះ​៖

ប្រភព៖ ដើម្បីប្រជាជន រាជធានី

Share.