វត្តមានរបស់តារាសម្ដែងហូលីវូដអ្នកនាង Angelina Jolie​ នៅលើទឹកដីព្រះរាជណាចក្រកម្ពុជា បានធ្វើឱ្យមហាជនមិនតិចនាក់ទេបង្ហាញអារម្មណ៍រំភើប និងចាប់អារម្មណ៍តាមដានរាល់សកម្មភាពរបស់អ្នកនាងទៅគ្រប់ទីកន្លែង។ ក្រៅពីសកម្មភាពនៅប្រាសាទអង្គរវត្ត មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានប្រមាញ់រូបភាពរបស់អ្នកនាង Angelina Jolie​ ខណៈដែលអ្នកនាងកំពុងដើរផ្សារទួលទំពូង និងសកម្មភាពជិះម៉ូតូកង់បី យកមកបង្ហោះពេញបណ្ដាញសង្គមហ្វេស។ នេះបានបញ្ជាក់ឱ្យឃើញថា មហាជនអ្នកគាំទ្រខ្មែរពិតជាស្រឡាញ់ និងឱ្យតម្លៃចំពោះតារាហូលីវូដខាងលើនេះអស់ពីបេះដូង។

ជាមួយគ្នានោះដែរ មានអ្នកដឹកនាំរឿងមានឈ្មោះល្បីម្នាក់គឺលោក ហ៊ុយ យ៉ាឡេង ក៏បានបង្ហោះសារ និងរូបភាពរបស់អ្នកនាង Angelina Jolie​ ដោយមានខ្លឹមសារផ្ដាំឱ្យអ្នកនាងងាកមកជួយលើវិស័យភាពយន្ដរបស់ខ្មែរផង បន្ទាប់ពីឆ្លងកាត់ស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩។ លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ថា ៖ «ស្រលាញ់រូបនេះណាស់😍🎬 ជឿថាបងស្រីធំស្រលាញ់កម្ពុជា😍🎬 ជឿថាបងស្រីធំចង់ជួយកម្ពុជា😍🎬 ពិសេសវិស័យភាពយន្ត😍🎬 បងប្អូនខ្មែរដែលបាននៅក្បែរគាត់ជួយផ្តាំផង ជូយប្រាប់បងស្រីធំអោយជួយភាពយន្តខ្មែរ🙏 ដំណាក់កាលកូវីតនេះដំណើរពួកយើងពិតជា តឹងណាស់បងស្រីធំអើយ😥😥😥»។ ការពោលរបស់លោក ហ៊ុយ យ៉ាឡេង បែបនេះ ក៏មានអ្នកគាំទ្រមួយចំនួនឱ្យលោកព្យាយាមទាក់ទងទៅកាន់អ្នកនាង Angelina Jolie​។

សូមរម្លឹកថា លោក ហ៊ុយ យ៉ាឡេង គឺជាអ្នកដឹកនាំភាពយន្ដខ្មែរដែលឆ្លងកាត់បទពិសោធន៍ផលិតភាពយន្ដឱ្យទាក់ចិត្តមហាជនជាច្រើនរឿង។ នៅក្នុងនោះលោកធ្លាប់មានស្នាដៃដូចជារឿង« ផ្ទះខ្មោចទិញ» «ខ្មោចដើមចេកជ្វា» «ទារុណកម្មខ្មោច» «វិកលចរិត» «ដើម្បីកូន» «ធ្មប់» និងគម្រោងចុងក្រោយរឿង​«គ្រោះជីវិតកូវីដ-១៩»។ ដោយ​សារ​ជំងឺឆ្លងកូវីដ១៩ ធ្វើឱ្យរោងភាពយន្តខ្មែរត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈពេលដែលរោងភាពយន្តមួយចំនួនត្រូវបានបើកដំណើរការឡើងវិញ រួមជាមួយការវិលត្រឡប់របស់ទស្សនិកជន កាលពីខែវិច្ឆិកា ចុងឆ្នាំ២០២០។ ឆ្លងកាត់វិបត្តិដ៏នេះ គេក៏កត់សម្គាល់ឃើញថា ផលិតករភាពយន្ដខ្មែរជាច្រើនបានបាក់ទឹកចិត្ត និងពិបាកទប់ទល់ជាមួយចំនូលពីភាពយន្ដតែម្ដង៕

Telegram-Troryorng
Share.